មន្រ្តីនគរបាលជិះម៉ូតូគេចកង់បី បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

មន្រ្តីនគរបាលជិះម៉ូតូគេចកង់បី បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ដែលជាអ្នកមានស័ក្ដិ៤កន្លះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអាធ័ម ដោយសារជិះម៉ូតូគេចកង់បី ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយស្លាប់បាត់បង់ជីវិត។

ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានព្រែកបា ផ្លូវ៣៦៩ ភូមិចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្រ្តីនគរបាល ផ្នែកអត្តសញ្ញាណកម្ម មានស័ក្ដិ៤កន្លះ ស្នាក់នៅម្ដុំវត្តកំសាន្ត ភូមិតាង៉ូវក្រោម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Yamaha PG.1 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1LV 4563 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូកង់បីមួយគ្រឿង បណ្ដាលឲ្យម៉ូតូជ្រុលទៅផ្លូវម្ខាងទៀត រួចបុកបង្កាន់ដៃថ្មស្ពានព្រែកប្រា ធ្លាក់ទាំងម៉ូតូ និងមនុស្សចូលទឹកប្រឡាយ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ត្រង់ក្បាល និងទ្រូង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាទៅជួយលើកជនរងគ្រោះឡើងមកលើគោក ខណៈដែលជនរងគ្រោះនៅមានដង្ហើមតិចតួច។ ពួកគាត់បានទាក់ទងហៅរថយន្តសង្គ្រោះដើម្បីមកជួយអន្តរាគមន៍ដែរ តែជាអកុសល នៅពេលរថយន្តសង្គ្រោះមកដល់ ក្រុមគ្រូពេទ្យបានពិនិត្យ និងបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិរបស់ជនរងគ្រោះឲ្យមកកាន់កន្លែងកើតហេតុ។ ក្រុមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះទើបតែត្រឡប់មកពីព្រែកហូ ដើម្បីទៅផ្ទះនៅច្បារអំពៅ ក៏ស្រាប់តែទទួលដំណឹងថាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើលិខិតប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯមធ្យោបាយធ្វើដំណើរ (ម៉ូតូ) ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

administrator

Related Articles