ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងជំរុញសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឱ្យបន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបដ៏កម្រនេះ ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះគឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ពិសេសសម្រាប់ខេត្តសៀមរាប ដែលបានប្រកាសដោយមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ 
មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្តចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាបរបស់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិទាំងមូល។ 
លោកអភិបាលរងបន្តថា ជាទូទៅយើងធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបវិញ ក៏មានព្រៃកោងកាងទឹកសាបដុះយ៉ាងច្រើនប្រមាណជិត ១០០ ហិកតាឯណោះ ហើយត្រូវបានសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ។ លោកបានសង្កត់ធ្ងន់ថា ៖ «នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាប-អង្គរនេះ»។ 
សូមជម្រាបថា សហគមន៍ទឹកជប់ខ្នារពោធិ៍ គឺជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬហៅថាកោងកាងគោក ដែលត្រូវបានគេស្គាល់ថាធំជាងគេនៅកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ១០២២ ហិកតា។ ក្នុងនោះ ផ្ទៃដីព្រៃកោងកាងទឹកសាបសរុបមានប្រមាណ ៩៨ ហិកតា ដែលស្មើនឹងប្រហែល ១០% នៃផ្ទៃដីសរុប។

ទោះបីខេត្តសៀមរាបល្បីល្បាញលើសកលលោកថាជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនទាន់បានដឹងច្បាស់ឡើយថា ខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃ និងប្លែកមួយនេះដែរ។ សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍នេះបានយ៉ាងងាយស្រួល។ តំបន់នេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍ផ្លូវការនៅឆ្នាំ២០១៩។

បទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ ការដើរលើស្ពានឈើពត់បែនកាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង ១០ ម៉ែត្រ ដែលបង្កើតបានជាម្លប់ត្រជាក់ល្ហឹមគួរជាទីមនោរម្យ។ ក្រៅពីទេសចរណ៍ធម្មជាតិ សហគមន៍ក៏មានរៀបចំតូបអាហារ និងលក់ផលិតផលសហគមន៍ដូចជា ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។

