សហរដ្ឋអាមេរិក ៖ វិបត្តិកកស្ទះចរាចរណ៍អាកាសនៅអាមេរិកបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុត ដោយកាលពីថ្ងៃទី៩វិច្ឆិកា ជើងហោះហើរយន្តហោះជាង ២.២០០ជើង ត្រូវបានលុបចោល។ នេះជាផលវិបាកផ្ទាល់នៃការជាប់គាំងថវិកាជាតិដែលអូសបន្លាយអស់រយៈពេល ៤០ថ្ងៃមកហើយ ប៉ុន្តែត្រូវបានគេរំពឹងថានឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ។ ជាលើកដំបូងក្នុងរយៈពេលច្រើនសប្ដាហ៍ សកម្មភាពរបស់ព្រឹទ្ធសភាអាមេរិកបានបង្ហាញពីពន្លឺនៃដំណោះស្រាយ ក្នុងកិច្ចចរចារវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកច្រកចេញពីការជាប់គាំងថវិកា ឬហៅថា SHUTDOWN ដែលជាព្រឹត្តិការណ៍ដ៏យូរអង្វែងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក។ ទស្សនវិស័យនៃដំណោះស្រាយនេះបានលេចឡើងស្របពេលជាមួយនឹងភាពវឹកវរនៅតាមបណ្ដាព្រលានយន្តហោះនានា ដែលបានក្លាយជាចំណុចក្តៅក្នុងការតតាំងគ្នាខាងនយោបាយលើបញ្ហាថវិកាជាតិ។
គណបក្សនីមួយៗបានព្យាយាមទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមកលើភាពរញ៉េររញ៉ៃរបស់អ្នកដំណើរនៅតាមព្រលានយន្តហោះទូទាំងប្រទេស។ ជាក់ស្តែងនៅថ្ងៃទី៩វិច្ឆិកា ជើងហោះហើរជាង ២.២០០ជើងត្រូវបានលុបចោលនៅអាមេរិក ដែលជាតួលេខខ្ពស់ជាងកាលពីថ្ងៃទី៨វិច្ឆិកាទៅទៀត។ ប៉ុន្តែទោះបីជាយ៉ាងណា ជើងហោះហើរអន្តរជាតិមិនមានការកកស្ទះឡើយ។
