ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសថ្មីៗនេះ ដោយសារឥទ្ធិពលនៃព្យុះទី២៦ ឈ្មោះ ហូ វង់ (Fung-wong)T2526 ដែលបក់លើរបបខ្យល់មូសុងឦសាន។ ព្យុះនេះនឹងជះឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងព្រះរាជាណាចក្រកម្ពុជា។
ទោះយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះផ្ទាល់ឡើយ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពធាតុអាកាសនឹងមានដូចតទៅ៖
១. តំបន់វាលទំនាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៩°C។
– ខ្យល់បក់ពីទិសឦសាន និងបូព៌ា ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
– ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។
២. តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៨°C។
– ខ្យល់បក់ពីទិសបូព៌ា និងអាគ្នេយ៍ ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
– ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។
៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងអតិបរមា ២៨°C។
– ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
– ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
– រលកសមុទ្រមានកម្ពស់មធ្យមពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
ប្រជាពលរដ្ឋទាំងអស់គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិទាំងនេះ៕
