ផ្លូវ២០០៤ កែងដួងងៀប ប្រែកាយជាបេតុងស្រស់ស្អាត សម្រួលការធ្វើដំណើរក្រោយជីកប្រព័ន្ធលូ

ផ្លូវ២០០៤ កែងដួងងៀប ប្រែកាយជាបេតុងស្រស់ស្អាត សម្រួលការធ្វើដំណើរក្រោយជីកប្រព័ន្ធលូ

ភ្នំពេញ៖ ទីតាំងដែលធ្លាប់ជាជង្ហុកបង្កការលំបាក និងគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរចុះដាក់គ្រឿងចក្រឈូសឆាយ និងចាក់បេតុងស្ថាបនាឡើងវិញ។ ការស្ថាបនានេះធ្វើឡើងបន្ទាប់ពីទីតាំងខាងលើតែងបង្កគ្រោះថ្នាក់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់លិចជង្ហុកមើលមិនឃើញ ដែលបណ្ដាលឱ្យអ្នកដំណើរដួលរងរបួសជាញឹកញាប់។

កន្លងមក ប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដោយសារតែផ្លូវជន់លិចរាល់ពេលមានភ្លៀងធ្លាក់។ យ៉ាងណាមិញ ក្រោយមានការស្ថាបនា និងដាក់ប្រព័ន្ធលូធំៗរួចមក ពួកគាត់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែលែងមានទឹកលិចទៀតហើយ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាព។

រូបភាពផ្លូវ២០០៤

លោក ឆេង ជា ជាពលរដ្ឋម្នាក់រស់នៅលើផ្លូវនោះ បានសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលបានចាក់បេតុងស្ថាបនាផ្លូវឡើងវិញ បង្កភាពងាយស្រួលក្នុងការរស់នៅ និងកាត់បន្ថយគ្រោះថ្នាក់។ លោកបានបន្តទៀតថា រយៈពេលចុងក្រោយនេះ ទោះមានភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ផ្លូវលែងលិចដូចកាលពីមុនទៀតហើយ ដោយសារប្រព័ន្ធលូថ្មីមានទំហំធំ អាចជួយរំដោះទឹកបានទាន់ពេលវេលា។

រូបភាពផ្លូវ២០០៤

តាមការបញ្ជាក់ពីមន្ត្រីជំនាញដែលបានចុះពិនិត្យការដ្ឋានផ្ទាល់ បានឱ្យដឹងថា ការស្ថាបនាផ្លូវនេះមានប្រវែងជាង ៦០០ម៉ែត្រ ជាប្រភេទបេតុងក្រាលសរសៃដែក កម្រាស់ ២តឹក។ ផ្លូវនេះត្រូវបានចាក់បេតុងឡើងវិញ ចាប់ពីចំណុចផ្លូវ២០០៤ កែងផ្លូវដួងងៀប រហូតដល់ផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ហើយនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕

administrator

Related Articles