វិថីតេជោសន្តិភាពឆ្នេរអង្កោល បើកទំព័រថ្មីនៃសម្រស់កែប ជាមួយផ្លូវកម្សាន្តទំនើប!

វិថីតេជោសន្តិភាពឆ្នេរអង្កោល បើកទំព័រថ្មីនៃសម្រស់កែប ជាមួយផ្លូវកម្សាន្តទំនើប!

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងក្លាយជាបេះដូងថ្មីមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តកែប ឱ្យកាន់តែប្លែក និងទាក់ទាញភ្នែក។ ផ្លូវដ៏ស្រស់ស្អាតនេះ មិនត្រឹមតែជួយឱ្យទីក្រុងកែបមានសោភ័ណភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបានរៀបចំយ៉ាងមានរបៀបរៀបរយនូវចំណតយានយន្ត ផ្លូវសម្រាប់ជិះកង់កម្សាន្ត និងផ្លូវថ្មើរជើងដ៏ធំទូលាយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តលំហែ។

អ្វីដែលពិសេសជាងនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏ជាសរសៃឈាមដ៏សំខាន់មួយដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់ទេសចរណ៍សហគមន៍ និងតំបន់នេសាទដ៏ចំណាស់ក្នុងឃុំអង្កោល។ ផ្លូវនេះបានលាតសន្ធឹងកាត់កម្រាលធម្មជាតិដ៏ស្រស់បំព្រងជាច្រើនដូចជា តំបន់កសិកម្ម ស្រែអំបិលរាប់រយហិកតា និងព្រៃកោងកាងដ៏ខៀវស្រងាត់ បង្កើតបានជាទេសភាពដ៏វិសេសសម្រាប់អ្នកដំណើរ។

លើសពីនេះ វាក៏បានតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ដែលជាផ្លូវយុទ្ធសាស្ត្រចរាចរណ៍រវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា-វៀតណាម) ព្រមទាំងភ្ជាប់ទៅកាន់បណ្ដាញផ្លូវសំខាន់ៗជាច្រើនទៀតក្នុងខេត្តកែប ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់ទីប្រជុំជន ភូមិឋាន និងតំបន់នានា។

សូមជម្រាបថា វិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលមានប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល នៃឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២។ ការសាងសង់បានចំណាយពេល ២៤ខែ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងបញ្ចប់ជាស្ថាពរនៅខែមករា ឆ្នាំ២០២៤។ វិថីដ៏សំខាន់នេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីបម្រើផលប្រយោជន៍ដល់វិស័យទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

administrator

Related Articles