ក្រុងសេអ៊ូល៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង បានសម្រេចដាក់បន្ទុកចោទប្រកាន់បន្ថែមទៅលើអតីតប្រធានាធិបតី លោក យ៉ុន ស៊ុកយោល (Yoon Suk Yeol) ពាក់ព័ន្ធនឹងបទរំលោភអំណាច និងបង្កអរិភាព ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីចុងឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋអាជ្ញា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរស័ព្ទដៃមន្ត្រីយោធាថា អតីតប្រធានាធិបតីរូបនេះ បានប៉ុនប៉ងបង្កជម្លោះយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីជាលេសប្រកាសច្បាប់អាជ្ញាសឹក។ ភស្តុតាងទាំងនោះ រួមមានពាក្យគន្លឹះមួយចំនួន ដែលបង្ហាញពីការបង្កហេតុដែលអាចកើតមានប្រឆាំងនឹងកូរ៉េខាងជើង ដូចជា «យន្តហោះគ្មានមនុស្សបើក» និង «ការវាយប្រហារយោធា (surgical strike)»។
គួររំលឹកថា លោក យ៉ុន ត្រូវបានតុលាការធម្មនុញ្ញបញ្ចប់តំណែងពីប្រធានាធិបតី កាលពីខែមេសា ហើយបច្ចុប្បន្នកំពុងប្រឈមមុខនឹងការកាត់ទោសចំពោះបទចោទប្រកាន់ពីការបះបោរ ដែលកើតចេញពីការប្រកាសដាក់ច្បាប់អាជ្ញាសឹកបរាជ័យ កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ បើតាមការចោទប្រកាន់ពីបទបះបោរនេះ បើរកឃើញថាមានកំហុស លោក យ៉ុន អាចនឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
ក្រោយពីការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ដែលធ្លាប់កាន់តួនាទីជារដ្ឋអាជ្ញាអស់រយៈពេលជាង ២៧ឆ្នាំ បានអះអាងជាបន្តបន្ទាប់ថា លោកមិនដែលមានបំណងដាក់ច្បាប់យោធានោះទេ ប៉ុន្តែបានប្រកាសច្បាប់អាជ្ញាសឹកនាពេលនោះ ក្នុងគោលបំណងព្រមានដល់ការប្រព្រឹត្តខុសរបស់គណបក្សប្រឆាំង និងដើម្បីការពារលទ្ធិប្រជាធិបតេយ្យពីក្រុម «ប្រឆាំងនឹងរដ្ឋ»។
យោងតាមច្បាប់អាជ្ញាសឹកដែលបានប្រកាសចេញ អ្នកនាំពាក្យរដ្ឋអាជ្ញាលោកស្រី Park Ji-young បានបញ្ជាក់ពីការបន្ថែមការចោទប្រកាន់ ដោយថ្លែងថា អតីតប្រធានាធិបតី យ៉ុន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និងអតីតប្រធានចារកម្មយោធា លោក Yeo In-hyung ត្រូវបានចោទប្រកាន់ថា បានគ្រោងនឹងធ្វើការវាយប្រហារកូរ៉េខាងជើង ប្រឆាំងនឹងកូរ៉េខាងត្បូង។
លោកស្រី Park បានបន្ថែមថា មនុស្សទាំងបីរូបនេះ មានបំណងបង្កើតភាពតានតឹងក្នុងប្រទេស ដែលជាលក្ខខណ្ឌមួយសម្រាប់លោក យ៉ុន ក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ ព្រះរាជអាជ្ញាក៏បានបញ្ជាក់ផងដែរថា លោក Kim និងលោក Yeo ក៏ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់បន្ថែមដូចគ្នានេះដែរ។
ក្រុមរដ្ឋអាជ្ញាពិសេសបានចោទប្រកាន់ថា លោក យ៉ុន និងមេបញ្ជាការយោធារបស់លោក បានបញ្ជាឱ្យប្រតិបត្តិការដ្រូនបំបាំងកាយចូលទៅក្នុងប្រទេសកូរ៉េខាងជើង ក្នុងបំណងបង្កើនភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ និងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក។
រ៉ាន់ រើយ
