រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមយ៉ាងមហោឡារិកក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥)។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីដ៏មហោឡារិកនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាជាច្រើនរូប រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។


ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលរំលឹកដល់ព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ។ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់កម្ពុជា រហូតទទួលបានជោគជ័យពេញលេញ។





