កងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយយន្តហោះដ្រូន និងមីស៊ីលជាបន្តបន្ទាប់ពេញមួយយប់ ទៅលើស្ថានីយថាមពលសំខាន់ៗជាច្រើនរបស់អ៊ុយក្រែន។ ការវាយប្រហារនេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលដល់រោងចក្រនុយក្លេអ៊ែរចំនួនពីរគឺ Khmelnytskyi និង Rivne ដែលធ្វើឲ្យអ៊ុយក្រែនព្រមានពីហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរនៅអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា មនុស្សចំនួន ១២នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ដែលបានបំផ្លាញទីតាំងថាមពលនៅក្នុងរដ្ឋធានីកៀវ តំបន់ Poltava និងតំបន់ Kharkiv ផងដែរ។ លោកបានចោទប្រកាន់ទីក្រុងមូស្គូថា «មានចេតនាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនុយក្លេអ៊ែរនៅអឺរ៉ុប» ហើយបានអំពាវនាវដល់ប្រទេសមហាអំណាចមួយចំនួនដូចជា ចិន និងឥណ្ឌា ឲ្យដាក់សម្ពាធលើរុស្ស៊ីដើម្បីបញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់បែបនេះ។

ជាការឆ្លើយតប អ៊ុយក្រែនបានស្នើដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយជុំវិញការវាយប្រហារដោយរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។
លោកស្រី Yulia Svyrydenko នាយករដ្ឋមន្ត្រីរងអ៊ុយក្រែន បានបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់កំពុងប្រឹងប្រែងស្ដារការផ្គត់ផ្គង់ថាមពលឡើងវិញ ប៉ុន្តែតំបន់ជាច្រើននៅតែបន្តដាច់ភ្លើងនិងទឹក។ រដ្ឋមន្ត្រីក្រសួងថាមពល លោកស្រី Svitlana Hrynchuk បានព្រមានថា ការដាច់ចរន្តអគ្គិសនីអាចនឹងអូសបន្លាយអស់ជាច្រើនថ្ងៃទៀត។
ក្រុមហ៊ុនថាមពលរដ្ឋ Tsentrenergo បានប្រកាសថា រោងចក្រផលិតអគ្គិសនីរបស់ខ្លួនក្នុងរដ្ឋធានីកៀវ និងតំបន់ Kharkiv បានឈប់ដំណើរការទាំងស្រុង បន្ទាប់ពីរងការវាយប្រហារយ៉ាងដំណំ។
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារទាំងនេះ និងបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី។ លោកបានថ្លែងថា ទីក្រុងមូស្គូកំពុងព្យាយាម «ធ្វើឲ្យជីវិតប្រជាជនអ៊ុយក្រែនកាន់តែលំបាកមុនរដូវរងាចូលមកដល់»។
