ចាប់បានភ្លាមៗ! ចោរលួចម៉ូតូ២នាក់ នៅដង្កោ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ចាប់បានភ្លាមៗ! ចោរលួចម៉ូតូ២នាក់ នៅដង្កោ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនជនសង្ស័យ០២នាក់ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ករណីលួចម៉ូតូដែលបង្ក្រាបបានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
រូបភាព
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១១៖២០នាទីព្រឹក ត្រង់ចំណុចកន្លែងលក់ផ្កា តាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខA០៨ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានជិះម៉ូតូ Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BU-0529 ចេញពីផ្ទះទៅទិញផ្កានៅកន្លែងលក់ផ្កាខាងលើ។ ពេលទៅដល់ ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងដោយមិនបានដកកូនសោរចេញឡើយ រួចដើរចូលទៅទិញផ្កា និងប្តូរប្រាក់ពីអ្នកលក់ ដែលមានចម្ងាយប្រហែល៧ម៉ែត្រពីម៉ូតូ។

ស្របពេលនោះ ជនសង្ស័យឈ្មោះ គៀង ចៅសំ ហៅ ជ័យ ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់ជនរងគ្រោះ ហើយបើកចេញទៅប្រហែល២០ម៉ែត្រ។ ពេលឃើញបែបនេះ ជនរងគ្រោះបានស្រែកថា “ចោរៗ” រួចរត់ដេញតាម។ លុះមកដល់មុខផ្ទះរបស់ខ្លួន ជនរងគ្រោះក៏បានយករថយន្តដែលចតនៅមុខផ្ទះបើកដេញតាម រហូតដល់ផ្លូវច្រមុះជ្រូកវត្តហា ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
រូបភាព
ជនសង្ស័យបានផ្ដួលម៉ូតូដែលលួចបានចោល រួចរត់គេចខ្លួន។ ជនរងគ្រោះបានបន្តដេញតាមដោយថ្មើរជើង និងស្រែកឆោឡោ។ ជាសំណាងល្អ កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរទីតាំងកើតហេតុ បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូដែលលួចបាន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។

បន្តមកនៅវេលាម៉ោង១៣៖០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រង់ចំណុចការ៉ាស់សាំងតេលា កែងផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រួមជាមួយវត្ថុតាងម៉ូតូ Today ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GG-0993 និងទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពីសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូ Today ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូ Honda C125 របស់ជនរងគ្រោះពិតប្រាកដមែន។ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់តុលាការហើយ៕

administrator

Related Articles