បែកធ្លាយមេខ្លោង! សមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ២៦៣នាក់ ពាក់ព័ន្ធឆបោកអនឡាញនៅខេត្តព្រះសីហនុ

បែកធ្លាយមេខ្លោង! សមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ២៦៣នាក់ ពាក់ព័ន្ធឆបោកអនឡាញនៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ នៅខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២៦៣នាក់ (ក្នុងនោះមានស្ត្រី ១៧នាក់) ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
Description of image

ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងនៅទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្ស័យថា ទីតាំងនេះបានលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនសង្ស័យទាំង ២៦៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ជនជាតិប៉ាគីស្ថាន ១១នាក់, បង់ក្លាដេស ២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់), ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ ០១នាក់។
Description of image

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រលើតុ ៨៦០ គ្រឿង, ទូរស័ព្ទ ៤១២៩ គ្រឿង, កុំព្យូទ័រយួរដៃ ១៦ គ្រឿង និង iPad ១៤ គ្រឿង។
Description of image

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ, អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងសម្របសម្រួលនីតិវិធីពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកមេខ្លោងពិតប្រាកដនៃបទល្មើសនេះ និងចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់។ ចំណែកឯជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ទីតាំងអតីតកាស៊ីណូខាងលើ ត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ គ្រប់គ្រងរង់ចាំអនុវត្តនីតិវិធីបន្ត។
Description of image

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកនេះ ដោយគ្មានការលើកលែងឡើយ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles