(ភ្នំពេញ)៖ របាយការណ៍ថ្មីៗពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចូលទំនិញពីប្រទេសថៃមកកាន់កម្ពុជាក្នុងខែតុលា ឆ្នាំ២០២៥ នេះ មានតម្លៃសរុបជាង ២៣៩លានដុល្លារអាមេរិក ដែលជាការថយចុះគួរឱ្យកត់សម្គាល់ជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែតុលា ឆ្នាំ២០២៤ ដែលមានទំហំរហូតដល់ ២៩៨លានដុល្លារ។

ទោះបីជាមានការថយចុះធៀបនឹងឆ្នាំមុនក៏ពិតមែន ក៏ប៉ុន្តែបើប្រៀបធៀបការនាំចូលទំនិញពីថៃមកកម្ពុជារវាងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញមានការកើនឡើងបន្តិចវិញ ក្នុងរង្វង់ជាង ៣០លានដុល្លារ។ ជាក់ស្ដែង ក្នុងខែកញ្ញា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃជាង ២០៧លានដុល្លារ ខណៈដែលក្នុងខែតុលា បានកើនឡើងដល់ជាង ២៣៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។

ចំពោះទិន្នន័យនៃការនាំចេញវិញ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសថៃក្នុងខែតុលា ឆ្នាំ២០២៥ នេះ មានតម្លៃ ៥៩លានដុល្លារអាមេរិក ដែលថយចុះប្រមាណ ៧.៥% បើធៀបនឹងខែតុលា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៦២លានដុល្លារ។

សរុបជារួម សម្រាប់រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ សម្រេចបានជាង ៣.២ពាន់លានដុល្លារអាមេរិក ដែលជាការថយចុះ ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង ៣.៥ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅថៃក្នុងតម្លៃ ៦៣៥លានដុល្លារ ដែលថយចុះ ១១.៥% ខណៈដែលថៃនាំចូលមកកម្ពុជាវិញមានតម្លៃ ២.៥ពាន់លានដុល្លារ ដែលថយចុះ ៨.៨%។

ព័ត៌មាននេះផ្តល់សិទ្ធិដោយ៖ Fresh News
