ណាហ្គាវើលដ៍ រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” អបអរខួប ១០០០ ឆ្នាំនៃស្បែកធំ និង ២ ទសវត្សរ៍យូណេស្កូ!

ណាហ្គាវើលដ៍ រៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” អបអរខួប ១០០០ ឆ្នាំនៃស្បែកធំ និង ២ ទសវត្សរ៍យូណេស្កូ!

ភ្នំពេញ៖ ក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាស្ថាប័នតែងគាំទ្រសិល្បៈខ្មែរ រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ដ៏វិសេស «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ហៅកាត់ថា «ពិព័រណ៍ស្រមោលស្បែកធំ»។ ពិព័រណ៍នេះរៀបចំឡើងដើម្បីអបអរសាទរកេរដំណែលដ៏ចំណាស់ជាង ១០០០ ឆ្នាំនៃល្ខោនស្បែកធំ និងអបអរខួប ២ ទសវត្សរ៍នៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ។

ដើម្បីអបអរការទទួលស្គាល់ជាអន្តរជាតិអស់រយៈពេល ២ ទសវត្សរ៍នេះ ព្រឹត្តិការណ៍តាំងពិព័រណ៍ដំបូងបង្អស់សម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំងបង្ហាញផ្ទាំងស្បែកធំដ៏ល្អឯក អមដោយការសម្តែងផ្ទាល់ពីវង់ភ្លេងពិណពាទ្យ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា សាធារណជននឹងអាចស្វែងយល់ពីប្រវត្តិដ៏ផូរផង់នៃល្ខោនស្រមោលស្បែកធំខ្មែរ និងចូលរួមសកម្មភាពកម្សាន្តជាច្រើន។ ពិព័រណ៍នេះនឹងបញ្ចប់ដោយការសម្តែងពិសេសពីសមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។

ល្ខោនស្បែកធំ គឺជាសក្ខីកម្មដ៏រឹងមាំនៃកម្លាំង និងប្រវត្តិសាស្ត្រវប្បធម៌របស់ខ្មែរ។ មានប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថាបានចាប់កំណើតតាំងពីមុនសម័យអង្គរមកម្ល៉េះ។ ស្បែកធំត្រូវបានសម្តែងជារឿងរាមកេរ្តិ៍ខ្មែរ ដែលបានកែសម្រួលចេញពីរឿងរាមាយណៈរបស់ឥណ្ឌា តាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមដោយចលនា និងការប្រគំភ្លេងពិណពាទ្យផ្ទាល់។ ជាអកុសល ល្ខោនស្បែកធំស្ទើរតែបាត់បង់ទៅហើយក្នុងរបបខ្មែរក្រហម ដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់ទាំងស្រុង។

ប៉ុន្មានឆ្នាំក្រោយមក គ្រូ និងអ្នកស្រឡាញ់ទម្រង់សិល្បៈដ៏ថ្លៃថ្លានេះដែលនៅរស់រានមានជីវិត បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបង្ហាត់បង្រៀន ឆ្លាក់ស្បែក និងសម្តែងឡើងវិញ។ ក្នុងចំណោមនោះ មានក្រុមការងារមួយដែលបន្តដើរតួនាទីយ៉ាងសំខាន់រហូតមកដល់សព្វថ្ងៃ គឺសមាគមសិល្បៈសុវណ្ណភូមិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក លោក ម៉ាន់ កុសល។ ទោះបីសមាគមនេះទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រហូតដល់រោងល្ខោនរបស់ខ្លួនត្រូវបិទជាអចិន្ត្រៃយ៍ក្តី ណាហ្គាវើលដ៍ក៏នៅតែបន្តជួយឧបត្ថម្ភឱ្យសមាគមនេះរស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះ តាមរយៈការផ្តល់ការសម្តែង និងរោងជាង ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

ក្នុងអំឡុងពេលពិព័រណ៍នេះ ណាហ្គាវើលដ៍ក៏នឹងរៀបចំសិក្ខាសាលា និងរោងជាង ដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកផ្ទាំងស្បែកនោះទៅផ្ទះទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាត និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ រាល់ប្រាក់ចំណូលដែលបានពីការជួលសម្លៀកបំពាក់ ការចូលរួមសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីធានាថាទម្រង់សិល្បៈនេះនឹងបន្តស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត។

ដើម្បីផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយបច្ចេកវិទ្យាចុងក្រោយ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលអនុញ្ញាតឱ្យសាធារណជនអាចថតរូបជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់បំព្រង។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូននូវការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យ អមដោយការប្រគំភ្លេងពិណពាទ្យផ្ទាល់ ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។

ដូច្នេះ សូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី ២ នៅថ្ងៃទី ២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី ២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរយើងជាមួយគ្នា!

administrator

Related Articles