នាយកដ្ឋានគយនៃប្រទេសថៃ បានប្រកាសពីផែនការដ៏សំខាន់មួយ គឺចាប់ផ្ដើមយកពន្ធនាំចូលលើទំនិញអនឡាញដែលមានតម្លៃទាប ដើម្បីបង្កើនប្រាក់ចំណូលរដ្ឋ និងធានាបាននូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មក្នុងស្រុក ដែលរងការគំរាមកំហែងដោយការហូរចូលនៃទំនិញចិនដែលមានតម្លៃថោក។
វិធានការថ្មីនេះ នឹងកំណត់គោលដៅលើទំនិញដែលមានតម្លៃក្រោម ១ ៥០០ បាត (ប្រមាណ ៤៦ ដុល្លារអាមេរិក) ដែលកន្លងមកត្រូវបានលើកលែងពន្ធ។ សូម្បីតែទំនិញដែលមានតម្លៃត្រឹមតែ ១ បាត ក៏នឹងត្រូវជាប់ពន្ធនេះផងដែរ។ ការអនុវត្តន៍នេះត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Thaiger។
លោក Phanthong Loykulnanta ប្រធាននាយកដ្ឋានគយថៃ បានថ្លែងថា គោលនយោបាយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «Quick Big Win» របស់រដ្ឋាភិបាល ដោយរំពឹងថានឹងអាចជំរុញចំណូលពន្ធគយបានរហូតដល់ ៣ ពាន់លានបាត។ លោកបានសង្កត់ធ្ងន់ថា៖ «គោលដៅគឺដើម្បីធានាការប្រកួតប្រជែងដោយយុត្តិធម៌រវាងអ្នកផលិតក្នុងស្រុក និងអ្នកនាំចូលពីបរទេស»។
គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មថៃបានចាប់ផ្ដើមប្រមូលអាករលើតម្លៃបន្ថែម (VAT) លើការនាំចូលផលិតផលថោកៗរួចមកហើយកាលពីខែកក្កដា ដោយទទួលបានចំណូលប្រហែល ២ ពាន់លានបាត។ ជំហានបន្ទាប់គឺការអនុវត្តពន្ធនាំចូលចំពោះទំនិញដដែលនេះ ជាពិសេសទំនិញដែលបានទិញតាមរយៈវេទិកាលក់អនឡាញដ៏ពេញនិយមដូចជា Shopee និង Lazada។
កាលពីឆ្នាំមុន ការនាំចូលទំនិញក្រោម ១ ៥០០ បាតរបស់ថៃមានចំនួនសរុបប្រហែល ៣០ ពាន់លានបាត។ នេះមានន័យថា អត្រាពន្ធជាមធ្យម ១០% អាចផ្ដល់ប្រាក់ចំណូលបន្ថែម ៣ ពាន់លានបាតជារៀងរាល់ឆ្នាំ។ លោក Phanthong ក៏បានលើកឡើងដែរថា ប្រទេសជាច្រើនទៀត រួមទាំងសហរដ្ឋអាមេរិក ក៏បានដាក់ពន្ធលើការនាំចូលទំនិញថោកៗរួចមកហើយដែរ។
