ភ្នំពេញ ៖ រដ្ឋសភាជាតិកម្ពុជា រួមសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦” នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា បានថ្លែងបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក។ លោកក៏បានលើកឡើងពីទស្សនទានគន្លឹះ និងការវិភាគស៊ីជម្រៅក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយនេះ ព្រមទាំងបន្តជំរុញវិធានការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទប់ស្កាត់ហានិភ័យទាំងក្នុងតំបន់ និងសកលលោក។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចចំណុចសំខាន់ៗចំនួន ៣៖ ទី១) បរិការណ៍រួមនៃការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦, ទី២) ទិសដៅ និងអភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងទី៣) ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ឆ្នាំ២០២៦នេះ ត្រូវបានបង្កើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់ពីវិបត្តិសកលជាច្រើន ដែលមិនមែនជាកត្តាគ្រប់គ្រងរបស់កម្ពុជា។ ជាក់ស្ដែង ការប្រែប្រួលយ៉ាងឆាប់រហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ទំនោរទៅរកការគាំពារនិយម និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ជាដើម។ ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ចទាំងសកល តំបន់ និងកម្ពុជាផ្ទាល់ មានហានិភ័យច្រើនជាងឱកាស ដែលទាមទារឱ្យមានការតាមដានជាប់ជាប្រចាំ និងការគិតគូរហ្មត់ចត់ពីផលប៉ះពាល់លើម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក ដើម្បីតម្រង់ទិសគោលនយោបាយ និងរៀបចំវិធានការឆ្លើយតបឱ្យទាន់ពេលប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ដោយឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ ១) និន្នាការថមថយនៃចំណូល, ២) សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ជាពិសេសលើការការពារអធិបតេយ្យជាតិ ប្រាក់សោធន គាំពារសង្គម បដិភាគវិនិយោគ និងសេវាបំណុល និង ៣) ការស្រកចុះនៃប្រាក់សន្សំរាជរដ្ឋាភិបាល ដោយសារវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗបន្តបន្ទាប់ ដែលមិនទាន់អាចស្តារឡើងវិញបាន។

ទោះជាយ៉ាងនេះក្តី លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងប្រកបដោយតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំងធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន»។ នេះផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងរចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។

ថ្លែងបើកអង្គសិក្ខាសាលាដដែល លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប បានបន្ថែមថា ថវិកាឆ្នាំ២០២៦ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាជា «ថវិកាដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាសុខសន្តិភាព រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍមនុស្ស និងស្ថាប័ន ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពង្រឹងស័ក្តិសិទ្ធិភាព និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ» សំដៅលើកកម្ពស់សុខដុមរមនា ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកកិត្តិសេដ្ឋាបណ្ឌិតក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ពិសេសគណៈកម្មការជំនាញនីមួយៗ ឱ្យបន្តសិក្សាស្រាវជ្រាវពីឯកសារនានាពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ គោលបំណងគឺធានាថាការបែងចែកថវិកាជាតិឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ មាតុភូមិ និងវិស័យអាទិភាពជាតិ។

លោកអនុប្រធានទី១រដ្ឋសភា មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា នឹងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីជាធាតុចូលដ៏សំខាន់ឆ្ពោះទៅការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦។
លោកបានបន្តទៀតថា ដើម្បីជំរុញនិងគាំទ្រដល់ដំណើរការនៃការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សភាទាំងពីរបានអនុម័តគោលនយោបាយ ច្បាប់ និងឧបករណ៍គតិយុត្តជាច្រើន រួមមាន៖ ផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រកែទម្រង់រដ្ឋបាលសាធារណៈ យុទ្ធសាស្ត្រកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីការយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ និងច្បាប់ស្តីពីការទូទាត់ថវិកា។ សភាបានយកចិត្តទុកដាក់ និងតាមដានវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់យ៉ាងជាប់លាប់ ហើយបានទទួលស្គាល់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅកម្រិតអប្បបរមា តាមរយៈវិធានការបង្រួមវិសមភាពសេដ្ឋកិច្ច ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
លោកកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់ថា «ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលនឹងផ្តល់ទិសដៅគោលនយោបាយបន្ថែមសម្រាប់ការបន្តពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ច បន្តចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ជាពិសេសការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដែលជាលក្ខខណ្ឌសម្រាប់តម្រង់ទិសក្នុងការរៀបចំរបៀបវារៈអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»៕
