មហាសេដ្ឋីវៀតណាម Pham Nhat Vuong បោះទុនធំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអវកាស និងផលិតយន្តហោះ!

មហាសេដ្ឋីវៀតណាម Pham Nhat Vuong បោះទុនធំបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអវកាស និងផលិតយន្តហោះ!

កាសែត Tuoi Tre បានចេញផ្សាយថា លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានបំផុតនៅវៀតណាម រួមជាមួយកូនប្រុស ២ នាក់របស់លោក បានបោះទុនបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះ Vinspace ដែលផ្តោតសំខាន់លើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ។

ក្រុមហ៊ុន Vinspace នេះ នឹងពង្រីកវិសាលភាពការងារយ៉ាងទូលំទូលាយ រាប់បញ្ចូលទាំងបច្ចេកវិទ្យាអវកាស ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ការផលិតយន្តហោះ យានអវកាស និងប្រព័ន្ធទូរគមនាគមន៍ផ្កាយរណបដ៏ទំនើប។

យោងតាមការិយាល័យចុះបញ្ជីអាជីវកម្មរាជធានីហាណូយ ក្រុមហ៊ុន Vinspace ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ ក្នុងតំបន់ Vinhomes Riverside នៃសង្កាត់ Phuc Loi។

Vinspace មានដើមទុនចុះបញ្ជីរហូតដល់ ៣០០ ប៊ីលានដុង ដែលស្មើនឹងប្រមាណ ១១,៤ លានដុល្លារអាមេរិក។ ក្នុងនោះ Vingroup ដែលជាក្រុមហ៊ុនមេរបស់លោក Pham Nhat Vuong រួមចំណែក ១៩% ឬ ៥៧ ប៊ីលានដុង (ប្រហែល ២,២ លានដុល្លារអាមេរិក)។ ចំណែកឯលោក Pham Nhat Vuong ផ្ទាល់កាន់កាប់ភាគហ៊ុនធំជាងគេបំផុតរហូតដល់ ៧១% ខណៈកូនប្រុសទាំង ២ របស់លោកកាន់កាប់ ៥% រៀងៗខ្លួន។

យ៉ាងណាមិញ ជុំវិញគម្រោងផលិតកម្មយន្តហោះ ឬបច្ចេកវិទ្យាអវកាសផ្សេងៗ គេនៅមិនទាន់ឃើញមានសេចក្ដីរាយការណ៍លម្អិតណាមួយស្ដីពីការរចនា បច្ចេកវិទ្យាដែលនឹងប្រើប្រាស់ និងពេលវេលាចាប់ផ្ដើមផលិតជាផ្លូវការនៅឡើយទេ។

administrator

Related Articles