ទាហានថៃម្នាក់ទៀតរងរបួសធ្ងន់ជាន់មីននៅព្រំដែនកម្ពុជា-ថៃ

ទាហានថៃម្នាក់ទៀតរងរបួសធ្ងន់ជាន់មីននៅព្រំដែនកម្ពុជា-ថៃ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ទាហានថៃម្នាក់បានរងរបួសធ្ងន់ធ្ងរនៅជើងខាងស្តាំ បន្ទាប់ពីដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ទល់មុខប្រាសាទព្រះវិហារកម្ពុជា។ ឧបទ្ទវហេតុនេះបានបន្ថែមករណីទាហានរងរបួសដោយសារគ្រាប់មីនជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែនជម្លោះកម្ពុជា-ថៃ។

រូបភាព: ទាហានថៃជាន់មីន

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទាហានថៃជាច្រើននាក់បានរងរបួស រួមទាំងការបាត់បង់អវយវៈ ដោយសារគ្រាប់មីន ខណៈកំពុងបំពេញបេសកកម្មល្បាតព្រំដែន។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានបីនាក់បានរងរបួស ហើយម្នាក់បានបាត់បង់ជើងនៅខេត្តអ៊ូប៊ុនរាជធានី។ មិនយូរប៉ុន្មាន នៅថ្ងៃទី៩ ខែសីហា ទាហានចំនួន៣នាក់ផ្សេងទៀតបានរងរបួសនៅខេត្តស៊ីសាកេត ដោយម្នាក់បានបាត់បង់ជើងឆ្វេង ខណៈកំពុងដាក់លួសបន្លានៅតាមព្រំដែន។ ក្រោយមក នៅថ្ងៃទី១២ ខែសីហា អនុរក្សយោធភូមិភាគម្នាក់បានបាត់បង់ជើងបន្ទាប់ពីជាន់មីននៅជិតប្រាសាទតាមាន់ធំ ហើយនៅថ្ងៃទី២៧ ខែសីហា ទាហានម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងបាត់បង់ជើងខាងស្តាំក្នុងឧបទ្ទវហេតុមួយនៅជិតប្រាសាទតាក្របី។ ឧប្បត្តិហេតុទាំងនេះបានឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ដែលទាហានប្រឈមមុខនឹងគ្រាប់មីនមិនទាន់ផ្ទុះនៅតំបន់ព្រំដែន។

administrator

Related Articles