នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានប្រកាសថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៣ ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០២៦។ ចំណុចទាំងនោះរួមមាន៖ ១) បរិការណ៍នៃការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦, ២) ទិសដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, និង ៣) សេចក្តីសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦” ដែលប្រារព្ធឡើងនៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ គឺធ្វើឡើងក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តរងសម្ពាធពីវិបត្តិសកលជាច្រើន ដែលស្ថិតនៅក្រៅពីការគ្រប់គ្រងរបស់កម្ពុជា។ ជាក់ស្តែងដូចជា ការប្រែប្រួលយ៉ាងឆាប់រហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលមានទំនោរទៅរកការគាំពារនិយម និងឯកតោនិយម តាមរយៈពន្ធគយបដិការ រួមទាំងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃជាដើម។

ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ចទាំងសកល តំបន់ និងកម្ពុជា ហាក់មានហានិភ័យច្រើនជាងឱកាស ដែលទាមទារឱ្យមានការតាមដានយ៉ាងខ្ជាប់ខ្ជួនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច។ ការគិតគូរអំពីផលវិបាក និងបច្ច័យលើម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក គឺជាចំណុចសំខាន់ដើម្បីកែតម្រូវគោលនយោបាយ និងរៀបចំវិធានការឆ្លើយតបឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ដោយផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន ៣ គឺ៖ ១) និន្នាការថមថយនៃចំណូល, ២) សម្ពាធនៃការកើនឡើងតម្រូវការចំណាយ ដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេសកិច្ចការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគវិនិយោគ និងសេវាបំណុល, និង ៣) ការស្រកស្រុតនៃប្រាក់សន្សំរាជរដ្ឋាភិបាល ដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិបន្តបន្ទាប់ទៀត ដែលមិនទាន់អាចស្តារឡើងវិញបានទាំងស្រុងនៅឡើយ”។

ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា គម្រោងថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលឡើយ ព្រមទាំងធានាបាននូវចីរភាព។ នេះគឺស្របតាម “ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន” ដោយផ្តោតជាពិសេសលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធដែលមានអភិបាលកិច្ចជាស្នូល។

ប្រភព៖ ក្រសួងព័ត៌មាន
