សង្កាត់អូរបែកក្អម ចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់! ប្ដូរប្រព័ន្ធលូចាស់ប្រវែងជាង ២០០ម៉ែត្រ ដើម្បីជីវភាពប្រសើរឡើង

សង្កាត់អូរបែកក្អម ចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់! ប្ដូរប្រព័ន្ធលូចាស់ប្រវែងជាង ២០០ម៉ែត្រ ដើម្បីជីវភាពប្រសើរឡើង

អាជ្ញាធរសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងមមាញឹកក្នុងការជីកកាយផ្លាស់ប្តូរប្រព័ន្ធលូចាស់ៗ ដែលមានអាយុកាលយូរឆ្នាំ មកដាក់លូថ្មីទាំងស្រុងវិញ ប្រវែងសរុបជាង ២០០ម៉ែត្រ។ គម្រោងដ៏សំខាន់នេះ ស្ថិតនៅលើកំណាត់ផ្លូវបេតុងកែងផ្លូវលេខ ២០០២ ដែលកន្លងមកតែងរងការលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរ រហូតប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងពីភាពលំបាកក្នុងការរស់នៅ។ ការផ្លាស់ប្តូរនេះ គឺដើម្បីរំដោះទឹក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

លោក យឹម រ័ត្ន ចៅសង្កាត់រដ្ឋបាលអូរបែកក្អម បានបញ្ជាក់ថា គម្រោងកែលម្អប្រព័ន្ធលូនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សង្កាត់សម្រាប់ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក។ លោកចៅសង្កាត់បានណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់ក្រុមហ៊ុនទទួលម៉ៅការ ឲ្យអនុវត្តការងារតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងគោរពតាមផែនការដែលបានកំណត់។ មិនតែប៉ុណ្ណោះ លោកក៏បានជំរុញឲ្យក្រុមហ៊ុនពន្លឿនការងារនៅតាមចំណុចប៉ះពាល់ខ្លាំង និងត្រូវធានាការដឹកជញ្ជូនសម្ភារៈឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចប់គម្រោងទៅតាមផែនការដែលបានគ្រោងទុក។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក យឹម រ័ត្ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបអាជីវកម្ម និងរស់នៅតាមបណ្តោយផ្លូវនេះ សូមមេត្តាចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមម៉ោងកំណត់។ ការយកចិត្តទុកដាក់នេះ គឺដើម្បីបញ្ចៀសការហូរចូលនៃកាកសំណល់ ឬថង់ប្លាស្ទិកទៅក្នុងលូ ដែលងាយបង្កឲ្យមានការស្ទះប្រព័ន្ធលូ និងធ្វើឲ្យទឹកជំនន់កើតឡើងវិញនៅពេលមានភ្លៀងធ្លាក់។

អ្នកស្រី ពេជ្រ ជាប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ បានរៀបរាប់ទាំងក្តីរីករាយថា កន្លងមកកំណាត់ផ្លូវបេតុងមួយខ្សែនេះ តែងតែជន់លិចទឹកជាញឹកញាប់ បង្កការលំបាកយ៉ាងខ្លាំងក្នុងការរស់នៅ។ ទឹកលិចរហូតដល់លូក្នុងផ្ទះស្ទះ ដក់ទឹកស្អុយអមដោយក្លិនមិនល្អ ដោយសារប្រព័ន្ធលូចាស់ៗហូរយឺត និងមិនអាចរំដោះទឹកបានទាន់។ ឥឡូវនេះ មានសង្ឃឹមហើយថា បញ្ហានេះនឹងត្រូវបានដោះស្រាយជាស្ថាពរ។

ចំណែកឯលោក កិត្យា ដែលមានលំនៅឋាននៅលើផ្លូវលេខ ៥៣៦ ក៏បានលើកឡើងដែរថា រាល់ពេលដល់រដូវវស្សា តំបន់នេះតែងលិចទឹកដក់លើផ្លូវយូរគួរសម។ ប៉ុន្តែលោកបានកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ បញ្ហាទឹកលិចបានថយចុះគួរឲ្យកត់សម្គាល់ ដោយសារអាជ្ញាធរបានចុះមកដោះស្រាយបញ្ហាទាំងនេះទាន់ពេលវេលា ទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅលើកំណាត់ផ្លូវទាំងបី បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ ដែលបានចាត់ចែងដាក់គ្រឿងចក្រជីកកាយលូចាស់ៗចេញ ព្រមទាំងដាក់លូថ្មីជូនពួកគាត់ ដើម្បីទប់ស្កាត់ការលិចលង់ និងធ្វើឲ្យជីវភាពរស់នៅមានភាពងាយស្រួលឡើងវិញ។

administrator

Related Articles