មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសដំណឹងដ៏រីករាយមួយថា ខ្លួនបានបង្កាត់ពូជសត្វក្ងោកដែលជាប្រភេទសត្វជិតផុតពូជចំនួន ៧ ក្បាលបន្ថែមទៀតបានដោយជោគជ័យនៅក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីអភិរក្សរយៈពេលវែងរបស់ ACCB ដែលមានគោលបំណងរក្សា និងបង្កើនចំនួនសត្វក្ងោក ដើម្បីធានាកុំឱ្យប្រភេទសត្វដ៏ស្រស់ស្អាតនេះបាត់បង់ពីភពផែនដី។ ការបង្កាត់ពូជបានសម្រេចនេះត្រូវបានបញ្ជាក់ដោយ ACCB កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
សត្វក្ងោក ឬគេនិយមហៅថា មយូរា ត្រូវបានចាត់ទុកជាប្រភេទបក្សីរងគ្រោះជិតផុតពូជយោងតាមបញ្ជីក្រហមរបស់អង្គការ IUCN។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ IUCN ក្នុងឆ្នាំ២០១៨ បានបង្ហាញថាប្រភេទនេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមដដែល។ បច្ចុប្បន្ន ចំនួនប្រជាសាស្ត្រសរុបរបស់សត្វក្ងោកនៅទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ១៥ ០០០ ទៅ ២៩ ៩៩៩ ក្បាលប៉ុណ្ណោះ ដែលក្នុងនោះមានសត្វពេញវ័យប្រមាណ ១០ ០០០ ទៅ ១៩ ៩៩៩ ក្បាល។
ពួកវាមានទីជម្រកធម្មជាតិនៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត រហូតដល់ព្រៃល្បាស់។ ក្ងោកចូលចិត្តរស់នៅជាពិសេសនៅតាមព្រៃរបោះ និងវាលចម្ការ ហើយជាប្រភេទសត្វសព្វាសីដែលស៊ីចំណីគ្រប់មុខ។ តាមការសិក្សាស្រាវជ្រាវ នៅកម្ពុជាយើងមានសត្វក្ងោកដ៏គួរឱ្យទាក់ទាញនេះចំនួនប្រមាណជាង ១ ០០០ ក្បាល។
