ក្រសួងព័ត៌មាន បានបញ្ជាក់កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ១ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ ផ្លូវមួយខ្សែនេះ បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេង មិនត្រឹមតែជួយសម្រួលដល់ការនាំចេញ-នាំចូលទំនិញប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលខ្ពស់ ពិសេសគឺជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នេះ ក៏ទទួលបាននូវការផ្លាស់ប្ដូរជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់ តាមរយៈការអភិវឌ្ឍ វិនិយោគ និងវិស័យទេសចរណ៍ដែលកំពុងរីកដុះដាល។ នេះជាការឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានផ្ដោតលើ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។


គម្រោងកែលម្អផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) នេះ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ផ្លូវដ៏មានសារៈសំខាន់នេះ មានចំណុចចាប់ផ្ដើមពីព្រែកក្ដាម ខេត្តកណ្ដាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ គម្រោងនេះត្រូវបានបែងចែកជា ៣ កំណាត់ធំៗ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ ផ្លូវជាតិលេខ៥ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប។


**ប្រភព៖** ក្រសួងព័ត៌មាន
