ភ្នំពេញ៖ រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានចាប់ផ្តើមយុទ្ធនាការជួសជុល និងអ៊ុតកៅស៊ូឡើងវិញនូវផ្លូវចំនួន ០២ខ្សែយ៉ាងមមាញឹក គឺផ្លូវលេខ ១៥០ និងផ្លូវលេខ ១៥៦ ដែលរងការខូចខាតជាច្រើនកន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។ គម្រោងសំខាន់នេះ គឺប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥។

លោក សូ ជា ចៅសង្កាត់ទឹកល្អក់ទី២ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា ផ្លូវទាំងពីរខ្សែនេះ មានប្រវែងសរុប ៤៦៩ម៉ែត្រ កម្រាស់១តឹក និងមានទទឹង៨ម៉ែត្រ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ភូមិឃុំសង្កាត់។ ការងារជួសជុលនេះ កំពុងតែដំណើរការយ៉ាងសកម្មដោយក្រុមហ៊ុនឯកជនមួយ។ លោកចៅសង្កាត់ ក៏បានសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវ សូមមេត្តាជួយសម្រួលផលប៉ះពាល់នានា ដើម្បីឲ្យក្រុមហ៊ុនងាយស្រួលក្នុងការដំណើរការដ្ឋានជួសជុលប្រកបដោយភាពរលូន។

អ្នកស្រី ជាតា ជាពលរដ្ឋម្នាក់រស់នៅអមសងខាងផ្លូវ បានសម្តែងក្តីរីករាយ និងលើកឡើងថា កន្លងមកផ្លូវនេះមានជង្ហុក និងរណ្តៅច្រើន ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់។ ម្យ៉ាងវិញទៀត បណ្តោយផ្លូវនេះក៏មានចរាចរណ៍មមាញឹកផងដែរ ដែលធ្វើឲ្យហានិភ័យកាន់តែខ្ពស់។

អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ និងជំនាញពាក់ព័ន្ធទាំងអស់ក្នុងខណ្ឌទួលគោក ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាសាធារណៈជាបន្តបន្ទាប់។ អ្នកស្រីជឿជាក់ថា ក្រោយពេលធ្វើរួចរាល់ ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នករស់នៅសងខាងផ្លូវ នឹងលែងជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់តទៅទៀតហើយ។

