ព្រឹទ្ធសភា​អាមេរិក​ជិតរកច្រកចេញបាន បញ្ចប់វិបត្តិបិទ​រដ្ឋាភិបាល​ដែលអូសបន្លាយ៤០ថ្ងៃ

ព្រឹទ្ធសភា​អាមេរិក​ជិតរកច្រកចេញបាន បញ្ចប់វិបត្តិបិទ​រដ្ឋាភិបាល​ដែលអូសបន្លាយ៤០ថ្ងៃ

​ទីបំផុត! ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងព្រឹកថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) បាន​បោះឆ្នោត​អនុម័ត​ដោយ​ជោគជ័យ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​កំណត់​វិធានការ​បើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើង​វិញ និង​បញ្ចប់​វិបត្តិ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​រយៈ​ពេល​ជាង​៤០​ថ្ងៃ។ វិបត្តិ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បុគ្គលិក​រដ្ឋ​សហព័ន្ធ ការ​ពន្យារ​ពេល​ផ្តល់​ជំនួយ​អាហារ និង​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​ទទួល​បាន​ការ​យល់​ព្រម​នេះ សមាជិក​ព្រឹទ្ធសភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​អនុម័ត​ដោយ​សភា​តំណាងរាស្ត្រ ដើម្បី​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មករា និង​បាន​បញ្ចូល​កញ្ចប់​ច្បាប់​ចំណាយ​ពេញ​៣​ឆ្នាំ​តែ​ម្តង សម្រាប់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋបាល​លោក​ត្រាំ​បាន​រង​សម្ពាធ​ពី​គណបក្ស​ប្រជាធិបតេយ្យ ដោយសារ​តែ​ការ​លុប​ចោល​កញ្ចប់​ថវិកា​សុខភាព​មួយ​ចំនួន។

ទោះបី​ជា​ព្រឹទ្ធសភា​បាន​អនុម័ត​ច្បាប់​នេះ​ក្តី កញ្ចប់​ចំណាយ​ថវិកា​រដ្ឋ​នេះ​នៅ​តែ​ត្រូវ​ឆ្លង​កាត់​ការ​អនុម័ត​ពី​សភា​តំណាងរាស្ត្រ​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី​ចុះ​ហត្ថលេខា។ ដំណើរការ​ទាំង​នេះ​អាច​នឹង​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ​បន្ថែម​ទៀត។

យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្តី​អ្នក​ចរចា បាន​ឱ្យ​ដឹង​ថា ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ធ្វើ​ឡើង​ជាមួយ​ក្រុម​តូច​មួយ​នៃ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ (ដែល​មិន​យល់​ស្រប​នឹង​ការ​ដឹកនាំ​របស់​គណបក្ស​ខ្លួន) គណបក្ស​សាធារណរដ្ឋ​បាន​យល់​ព្រម​បោះឆ្នោត​នៅ​ខែ​ធ្នូ​ខាង​មុខ លើ​ការ​បន្ត​ឧបត្ថម្ភធន​ក្រោម​ច្បាប់​ថែទាំ​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ។

ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​នេះ គឺ​ជា​ជំនួយ​ដល់​ប្រជាជន​អាមេរិក​ដែល​មាន​ចំណូល​ទាប ក្នុង​ការ​ចំណាយ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​ឯកជន ហើយ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​ជា​អាទិភាព​ចម្បង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់​ការ​ផ្តល់​មូលនិធិ។

ការ​បោះឆ្នោត​ជំរុញ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​អនុម័ត​ដោយ​សំឡេង ៦០-៤០ ដែល​ជា​ចំនួន​អប្បបរមា​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​ដើម្បី​សម្រេច​បាន​ជា​ការ​នៅ​ក្នុង​ព្រឹទ្ធសភា។

administrator

Related Articles