ជប៉ុនប្រមាណ ៣៦ក្រុមហ៊ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា វិជ្ជាជីវៈ និងកសិឧស្សាហកម្មនៅកម្ពុជា ក្រោយជំនួបសម្តេចតេជោ

ជប៉ុនប្រមាណ ៣៦ក្រុមហ៊ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា វិជ្ជាជីវៈ និងកសិឧស្សាហកម្មនៅកម្ពុជា ក្រោយជំនួបសម្តេចតេជោ

ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដ៏សំខាន់មួយ នៅវិមាន៧មករា។ ជំនួបនេះបានគូសបញ្ជាក់ជាថ្មីពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រោយជំនួប ឯកឧត្តម ជា ធីរិទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យប្រតិភូសមាគមជប៉ុន-កម្ពុជា ចូលជួបជាថ្មីម្តងទៀត ក្នុងឱកាសបំពេញបេសកកម្មនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនជប៉ុន។ ជាពិសេស ក្នុងចំណោមប្រតិភូដែលមកទស្សនកិច្ចលើកនេះ មានក្រុមហ៊ុនជប៉ុនប្រមាណ ៣៦ក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំក្នុងការបោះទុនវិនិយោគលើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិឧស្សាហកម្ម។

ឯកឧត្តមប្រធានសមាគម ក៏បានលើកឡើងពីការគាំទ្រឥតឈប់ឈរពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី រហូតមកដល់បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជប៉ុនឲ្យបន្តមកកាន់កម្ពុជា។

ឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាខ្លាំងដែលបានជួបប្រតិភូសមាគមសារជាថ្មី និងបានកោតសរសើរចំពោះសកម្មភាពដ៏សកម្មរបស់សមាគមជប៉ុន-កម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទាំងទំនាក់ទំនងរដ្ឋ និងប្រជាជន ព្រមទាំងការទាក់ទាញវិនិយោគិនមកកម្ពុជា ដើម្បីទ្រទ្រង់ និងជំរុញសេដ្ឋកិច្ចជាតិ។

សម្តេចតេជោបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគម ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា ដែលជាជំនាញទីផ្សារត្រូវការចាំបាច់ ទាំងនៅកម្ពុជា និងជប៉ុន។ ទន្ទឹមនឹងនេះ សម្តេចក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍វិនិយោគិនជប៉ុនលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យា។ សម្តេចបានបញ្ជាក់ថា កសិឧស្សាហកម្មគឺជាចំណុចស្នូល និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់រាជរដ្ឋាភិបាលអាណត្តិថ្មីក៏បន្តយកចិត្តទុកដាក់។ ចំពោះវិស័យបច្ចេកវិទ្យាវិញ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង ហើយកម្ពុជាក៏ត្រូវការជំនាញផ្នែកនេះយ៉ាងខ្លាំងផងដែរ។ សម្តេចបានជំរុញឲ្យវិនិយោគិនជប៉ុនពង្រីកសក្កានុពលលើវិស័យទាំងនេះឲ្យបានកាន់តែច្រើនថែមទៀត។

សម្តេចតេជោបានជូនពរប្រតិភូទាំងអស់ឲ្យបំពេញបេសកកម្មទទួលបានជោគជ័យគ្រប់ភារកិច្ចនៅកម្ពុជា។

administrator

Related Articles