ភ្នំពេញ៖ កម្ពុជាបានគូសបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ និងស្មារតីអាស៊ានយ៉ាងខ្ជាប់ខ្ជួន។ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងយ៉ាងដូច្នេះ ក្នុងជំនួបជាមួយអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ១២ប្រទេស។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោករដ្ឋលេខាធិការបានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ សេចក្ដីថ្លែងការណ៍នេះ ផ្ដោតសំខាន់លើសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ឯកសារប្រវត្តិសាស្ត្រនេះ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្តឡើងវិញ រក្សាសន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ជាថ្មីពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយរាល់វិវាទដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងយោធា គោរពច្បាប់អន្តរជាតិ ព្រមទាំងគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានលើកឡើងពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្ដីថ្លែងការណ៍រួមនេះ រួមមាន៖ ការដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប, ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន, ការបោសសម្អាតមីនមនុស្សធម៌, ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, និងដំណើរការធ្វើប្រក្រតីភាពទំនាក់ទំនងការទូត។ ទាំងអស់នេះគឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងប្រក្រតីរវាងកម្ពុជា និងថៃឡើងវិញ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្ពុជាតែងតែអនុវត្តដោយស្មោះត្រង់នូវរាល់ការប្ដេជ្ញាចិត្តរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេសជាតិ និងប្រជាជនទាំងពីរ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បច្ចុប្បន្ន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្តភក្ដិ និងដៃគូទាំងអស់ ដែលបានផ្ដល់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ ក្នុងអំឡុងពេលនៃការបង្ហាញនោះ មន្ត្រីជាន់ខ្ពស់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីវិធាន នីតិវិធី និងផែនការសកម្មភាពដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបោសសម្អាតមីនមនុស្សធម៌ ជូនដល់អនុព័ន្ធយោធាបរទេសទាំងអស់។

