ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៥១ នាក់។

ថ្លែងក្នុងឱកាសបើកវេទិកា លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ លោកបន្តថា ការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

បន្ថែមពីនេះ លោក សរ សុពុត្រា អភិបាលខេត្ត បានលើកឡើងថា វេទិកាសាធារណៈនេះ មានគោលបំណងចម្បងក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលកម្ពុជាកំពុងអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកបានសង្កត់ធ្ងន់ថា អត្ថន័យសំខាន់នៃវេទិកានេះ គឺស្ថិតនៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំជាតិ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការជំរុញឲ្យថ្នាក់ក្រោមជាតិអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុង ស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា នៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ មានសំណួរផ្ទាល់មាត់ចំនួន ៤ សំណួរ និងសំណូមពរជាលាយលក្ខណ៍អក្សរចំនួន ២៩ សំណួរ ដែលភាគច្រើនបានផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន ផ្លូវថ្នល់ អគ្គិសនី បញ្ហាដីធ្លី និងបញ្ហាសន្តិសុខសង្គមនៅក្នុងមូលដ្ឋានជាដើម។ រាល់សំណួរ និងសំណូមពរទាំងអស់ ត្រូវបានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ បកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋអស់កង្វល់ និងយល់ច្បាស់អំពីដំណោះស្រាយ។
**ប្រភព ៖** មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង
