ស្វាយរៀង៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សា ម៉ឺង សំផន ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសិស្សានុសិស្សចំនួន ១៨នាក់ និងសូម្បីតែសត្វឆ្កែមួយក្បាល ក៏ត្រូវបានឪម៉ាល់ព្រួតទិចបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈពួកគេកំពុងសិក្សាតាមធម្មតា។ ភ្លាមៗនោះ លោកគ្រូអ្នកគ្រូបានជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីសង្គ្រោះបឋម។

យោងតាមការរៀបរាប់របស់អ្នកគ្រូ អាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឺង សំផន បានឲ្យដឹងថា មុនពេលកើតហេតុ មានសំបុកឪម៉ាល់ដ៏ធំមួយស្ថិតនៅលើដំបូលអគារសិក្សាជាន់ទី២។ ស្របពេលនោះ ក៏មានសិស្សមួយក្រុមបានលេងកម្សាន្ត ហើយយកដុំថ្មគប់ទៅលើសំបុកឪម៉ាល់នោះ បណ្ដាលឲ្យវាធ្លាក់មកដី និងបង្កការផ្អើលយ៉ាងខ្លាំង ដេញទិចសិស្សានុសិស្សដែលកំពុងនៅទីនោះយ៉ាងរង្គាលតែម្ដង។

អ្នកគ្រូនាយិកាបន្តថា ក្រោយពីមានឧបទ្ទវហេតុដ៏អាក្រក់នេះ លោកគ្រូអ្នកគ្រូនៅក្នុងសាលាបានប្រញាប់ប្រញាល់ហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជញ្ជូនសិស្សរងគ្រោះ ដែលខ្លះត្រូវឪម៉ាល់ទិចមួយទ្រនិច ខ្លះពីរទ្រនិច និងខ្លះទៀតដល់ទៅបីទ្រនិច ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ។ គិតត្រឹមរសៀលថ្ងៃដដែលនេះ សិស្សានុសិស្សទាំងអស់កំពុងសម្រាកព្យាបាល និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក៏ដូចជាមាតាបិតាអាណាព្យាបាលផងដែរ។

បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងតែចាត់វិធានការយកសំបុកឪម៉ាល់ដ៏គ្រោះថ្នាក់នេះចេញពីបរិវេណសាលារៀន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់នាពេលបន្តបន្ទាប់។


ដោយ៖ សុថាន
