បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ព្រះសីហនុ៖ ឃាត់ខ្លួន​ជនបរទេស​ ២៦៣នាក់​ ក្នុង​ករណី​ឆបោក​អនឡាញ​នៅ​អតីត​កាស៊ីណូ​ Galaxy World!

បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ព្រះសីហនុ៖ ឃាត់ខ្លួន​ជនបរទេស​ ២៦៣នាក់​ ក្នុង​ករណី​ឆបោក​អនឡាញ​នៅ​អតីត​កាស៊ីណូ​ Galaxy World!

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ ដោយឆ្មក់ចូលឆែកឆេរទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ (Galaxy World) ដែលស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ២៦៣នាក់ (ស្រី ១៧នាក់) ក្រោមការសង្ស័យថាបានលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ក្នុងចំណោមជនសង្ស័យទាំង ២៦៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ជនជាតិប៉ាគីស្ថាន ១១នាក់, បង់ក្លាដេស ២៣នាក់, ចិន ២០៧នាក់ (ស្រី ០៧នាក់), ជនជាតិមីយ៉ាន់ម៉ា ០៦នាក់ (ស្រី), ជនជាតិនេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្រី ០៣នាក់), ម៉ាឡេស៊ី ០៤នាក់ និងជនជាតិឡាវ ០១នាក់ (ស្រី)។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមាន កុំព្យូទ័រលើតុ ៨៦០គ្រឿង, ទូរស័ព្ទដៃ ៤,១២៩គ្រឿង, កុំព្យូទ័រយួរដៃ ១៦គ្រឿង និង iPad ១៤គ្រឿង។

ប្រតិបត្តិការបង្ក្រាបដ៏កក្រើកនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ជាមួយគ្នានោះ ក៏មានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធនានាក្នុងខេត្ត។ លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្របសម្រួលនីតិវិធីចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។

ក្រោយប្រតិបត្តិការបង្រ្កាប សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការយ៉ាងយកចិត្តទុកដាក់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅរកការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមេខ្លោងពិតប្រាកដនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រីឯជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ គួរកត់សម្គាល់ផងដែរថា ទីតាំងអតីតកាស៊ីណូខាងលើ ត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងរង់ចាំបទបញ្ជាថ្មី។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ចំពោះមេខ្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។


administrator

Related Articles