ថៃជួបវិបត្តិត្រួតគ្នា! ទឹកជំនន់មិនទាន់ស្រាកស្រាន្ត ផ្សែងពុល PM2.5 វាយលុក២០ខេត្ត រួមទាំងបាងកក

ថៃជួបវិបត្តិត្រួតគ្នា! ទឹកជំនន់មិនទាន់ស្រាកស្រាន្ត ផ្សែងពុល PM2.5 វាយលុក២០ខេត្ត រួមទាំងបាងកក

ប្រទេសថៃកំពុងប្រឈមនឹងវិបត្តិត្រួតគ្នា ដោយទឹកជំនន់មិនទាន់ស្រាកស្រាន្តផង ពេលនេះបែរជាត្រូវជួបនឹងបញ្ហាផ្សែងពុល PM2.5 យ៉ាងគ្រោះថ្នាក់ដែលកំពុងតែគ្របដណ្តប់លើខេត្តចំនួន២០ រួមទាំងទីក្រុងបាងកកផងដែរ។ បញ្ហានេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានបង្ហាញថា កម្រិត PM2.5 នៅទីក្រុងបាងកកមានចន្លោះពី ៣២.២ ទៅ ៤១.៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ តួលេខនេះគឺខ្ពស់ជាងកម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលថៃត្រឹម ២៥ មីក្រូក្រាមប៉ុណ្ណោះ។

ក្នុងចំណោមខេត្តទាំង២០ ដែលរងផលប៉ះពាល់ ខេត្ត Nonthaburi ត្រូវបានគេរាយការណ៍ថាជាកន្លែងដែលកម្រិត PM2.5 ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ពោលគឺមានចន្លោះពី ២៥.១ ទៅ ៣៩.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ជុំវិញបញ្ហាខ្យល់ពុលនេះ របាយការណ៍កាលពីដើមឆ្នាំនេះបានបង្ហាញថា ប្រជាពលរដ្ឋក្នុងទីក្រុងបាងកកប្រមាណ ២.៤ លាននាក់ បានជួបប្រទះបញ្ហាអាឡែកស៊ី និងជំងឺផ្លូវដង្ហើម ដោយក្នុងនោះពាក់កណ្តាលត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។

តួលេខដ៏គួរឱ្យព្រួយបារម្ភនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលបានបញ្ជាក់ទៀតថា ការកើនឡើងខ្ពស់នៃ PM2.5 ក៏បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងបាងកកផងដែរ។ ការខាតបង់នេះត្រូវបានប៉ាន់ស្មានថាមានទំហំទឹកប្រាក់ស្មើនឹង ៣ ពាន់លានបាតក្នុងមួយខែ ដោយសារប្រជាជនត្រូវចំណាយប្រាក់ដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺ ហើយអ្នកទេសចរជាច្រើនបានលុបចោលដំណើរកម្សាន្ត ដែលប៉ះពាល់ខ្លាំងបំផុតដល់វិស័យទេសចរណ៍របស់ប្រទេស។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីឆ្នាំ២០២៣ ក៏បានបង្ហាញពីស្ថានភាពស្រដៀងគ្នានេះផងដែរ ដោយប្រជាជនថៃជាង ១០ លាននាក់បានធ្លាក់ខ្លួនឈឺដោយសារជំងឺដែលទាក់ទងនឹងខ្យល់ពុលត្រឹមតែមួយឆ្នាំនោះ។ គុណភាពខ្យល់របស់ប្រទេសថៃត្រូវបានចង្អុលបង្ហាញថាកាន់តែអាក្រក់ទៅៗ ដោយសារតែការដុតព្រៃដើម្បីយកដីធ្វើកសិកម្ម និងភ្លើងឆេះព្រៃ ជាពិសេសនៅភាគខាងជើងប្រទេស ដែលបានបង្កើតឲ្យមានផ្សែងអ័ព្ទដ៏គួរឲ្យភ័យខ្លាច។

administrator

Related Articles