ថៃប្រកាសផ្អាកបញ្ជូនទ័ពខ្មែរ១៨នាក់វិញ! ក្រោយលេសទាហានជាន់មីននៅព្រំដែន។

ថៃប្រកាសផ្អាកបញ្ជូនទ័ពខ្មែរ១៨នាក់វិញ! ក្រោយលេសទាហានជាន់មីននៅព្រំដែន។

ប្រទេសថៃបានប្រកាសពន្យារពេលការប្រគល់កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលខ្លួនបានឃាត់ខ្លួនអស់រយៈពេលជាង ១០០ថ្ងៃមកហើយ។ ការពន្យារពេលនេះធ្វើឡើងដោយភាគីថៃលើកឡើងពីលេសថាទាហានរបស់ខ្លួនបានជាន់មីនរងរបួសនៅតំបន់ព្រំដែនខេត្តស៊ីសាកេត ទល់មុខប្រាសាទព្រះវិហារ ទោះបីជាមានការព្រមព្រៀងគ្នាកាលពីមុនថាត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកាក៏ដោយ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលទាហានថៃពីររូបបានរងរបួសដោយសារជាន់មីននៅតំបន់ព្រំដែនខេត្តស៊ីសាកេត ជាប់នឹងតំបន់ប្រាសាទព្រះវិហារ។ ក្រោយហេតុការណ៍នេះ ព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ហើយភ្លាមៗនោះទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិថៃ បានសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការជាមួយកម្ពុជា។

យោងតាមកាសែតថៃ The Nation លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាភ្លាមៗឲ្យផ្អាកសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ ក្រោយពីមានករណីទាហានថៃជាន់មីនរងរបួសនៅខេត្តស៊ីសាកេត។ លោកក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កងទ័ពថៃផងដែរ។

ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក អានុទីន បានបញ្ជាក់ថា លោកបានទទួលដំណឹងពីឧបទ្ទវហេតុនៅយោធភូមិភាគទី២ រួចបានណែនាំទៅក្រសួងការពារជាតិ និងក្រសួងការបរទេស ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។

លោកបានសង្កត់ធ្ងន់ថា៖ «អ្វីៗដែលយើងកំពុងធ្វើបន្តពេលនេះ ត្រូវតែផ្អាកសិន រហូតដល់មានភាពច្បាស់លាស់ឡើងវិញ»។

ទន្ទឹមគ្នានេះ យោងតាមភ្នាក់ងារសារព័ត៌មានថៃ Thai News Agency លោក Natthaphon Narkphanit រដ្ឋមន្ត្រីការពារជាតិថៃ ក៏បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយក្រោយឧបទ្ទវហេតុនេះ ដោយប្រកាសពីការសម្រេចចិត្តសំខាន់ពីរ គឺការពន្យារពេលបញ្ជូនកងទ័ពខ្មែរ១៨នាក់ត្រឡប់មកវិញ និងការត្រៀមដាក់លិខិតតវ៉ាជុំវិញករណីផ្ទុះគ្រាប់មីននៅស៊ីសាកេត។

ការសម្រេចចិត្តទាំងពីរនោះរួមមាន៖ ទី១. ពន្យារពេលបញ្ជូនកងទ័ពកម្ពុជាទាំង១៨រូបដែលត្រូវបានឃាត់ខ្លួន ត្រឡប់មកកម្ពុជាវិញ។ ទី២. ត្រៀមដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់កម្ពុជា ខណៈកំពុងស៊ើបអង្កេតបន្ទាន់លើករណីផ្ទុះគ្រាប់មីននៅខេត្តស៊ីសាកេតដែលបណ្តាលឲ្យទាហានថៃ២នាក់រងរបួស។

រដ្ឋមន្ត្រីការពារជាតិថៃរូបនេះ ក៏បានបញ្ជាទៅអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ដើម្បីកំណត់ថា តើគ្រាប់មីនដែលផ្ទុះនៅស្រុក Kantharalak ខេត្តស៊ីសាកេតនោះ ជាគ្រាប់មីនចាស់ដែលនៅសល់ពីសម័យសង្គ្រាម ឬជាគ្រាប់មីនដែលត្រូវបានដំឡើងថ្មីៗនេះ។

administrator

Related Articles