ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសដំណឹងដ៏គួរឱ្យរំភើបមួយថា ខ្លួនបានបង្កាត់ពូជកូនសត្វក្ងោកចំនួន ៧ ក្បាលដោយជោគជ័យនៅក្នុងឆ្នាំ២០២៥។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីរក្សាគម្របប្រជាសាស្ត្រក្ងោក ដែលជាប្រភេទសត្វជិតផុតពូជពីការបាត់បង់នៅលើភពផែនដី។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
សត្វក្ងោក ឬមយូរា ត្រូវបានអង្គការ IUCN ចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់ខ្លួន តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយឆ្នាំ២០១៨ មកម្ល៉េះ។ បច្ចុប្បន្ន ចំនួនក្ងោកសរុបទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ១៥,០០០ ទៅ ២៩,៩៩៩ ក្បាលប៉ុណ្ណោះ ដោយក្នុងនោះមានក្ងោកពេញវ័យប្រហែល ១០,០០០ ទៅ ១៩,៩៩៩ ក្បាល។

សត្វក្ងោកចូលចិត្តរស់នៅក្នុងព្រៃស្ទើរតែគ្រប់ប្រភេទ រួមមាន ព្រៃព្រហ្មចារី ព្រៃរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត និងព្រៃល្បាស់។ ពួកវាក៏ចូលចិត្តរស់នៅតាមព្រៃរបោះ និងវាលចម្ការផងដែរ ហើយជាប្រភេទសត្វស៊ីចំណីចម្រុះ។ សម្រាប់ប្រទេសកម្ពុជាវិញ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថាមានក្ងោកស្រស់ស្អាតទាំងនេះប្រមាណជាង ១,០០០ ក្បាល។ នេះជាការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិរក្សសត្វដ៏មានតម្លៃនេះ។
