ក្រសួងអប់រំ បើកឆាកប្រកួតបង្កើតហ្គេមលើកទី២ ឆ្នាំ២០២៥ ជំរុញការអប់រំឌីជីថល និងពង្រឹងសិស្សស្រី!

ក្រសួងអប់រំ បើកឆាកប្រកួតបង្កើតហ្គេមលើកទី២ ឆ្នាំ២០២៥ ជំរុញការអប់រំឌីជីថល និងពង្រឹងសិស្សស្រី!

(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់វិស័យអប់រំឌីជីថល! ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានប្រកាសរៀបចំការប្រកួតប្រជែងថ្នាក់ជាតិលើកទី២ សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ “កម្មវិធីអប់រំបង្កើតហ្គេម” ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានគោលបំណងជំរុញ និងគាំទ្រការអប់រំបែបឌីជីថលឱ្យកាន់តែរីកចម្រើននៅកម្ពុជា។
រូបភាព

ការប្រកួតនេះ ធ្វើឡើងដោយសហការជាមួយអង្គការយូនីសេហ្វ (UNICEF) ដោយផ្តោតសំខាន់លើការអប់រំឌីជីថល និងការពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ក្នុងការសិក្សាផ្នែក STEM (ស្លែម) បច្ចេកវិទ្យា និងសហគ្រិនភាព។ វាជាឱកាសពិសេសមួយក្នុងការលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមដ៏ប៉ិនប្រសប់ ដែលអាចបង្កើតដំណោះស្រាយបញ្ហាសម្រាប់សហគមន៍ ប្រែក្លាយពីអ្នកលេងហ្គេមទៅជាអ្នកច្នៃប្រឌិត និងលើកកម្ពស់ការសិក្សាបែបសកម្ម ដែលជាកត្តាចាំបាច់សម្រាប់សម័យបច្ចេកវិទ្យា។

គួររំលឹកផងដែរថា “កម្មវិធីអប់រំបង្កើតហ្គេម” នេះ គឺជាកម្មវិធីបច្ចេកវិទ្យាច្នៃប្រឌិតមួយ ដែលធ្លាប់បានអនុវត្តសាកល្បងកាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន ៨ រួមមាន៖ អាមេនី ប្រេស៊ីល កម្ពុជា ឥណ្ឌា កាហ្សាក់ស្ថាន ម៉ារ៉ុក ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូង។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមជាង ១៥៤.០០០ នាក់ពីជុំវិញពិភពលោក។
រូបភាព

តាមរយៈការសិក្សាផ្អែកលើគម្រោង កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ជួយបង្កើនជំនាញសំខាន់ៗដូចជា ការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកបញ្ហា និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ អ្វីដែលកាន់តែពិសេសនោះ គឺកម្មវិធីនេះបានរួមចំណែកយ៉ាងធំធេងក្នុងការលុបបំបាត់គម្លាតយេនឌ័រ ដោយលើកកម្ពស់ការចូលរួមរបស់សិស្សស្រីយ៉ាងសកម្ម ក្នុងវិស័យ STEM បច្ចេកវិទ្យា និងសហគ្រិនភាព។

បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសក្រុមកុមារីដែលមានសមត្ថភាព និងចំណង់ចំណូលចិត្ត មកចូលរួមប្រកួតប្រជែងថ្នាក់ជាតិនេះ ដើម្បីរួមចំណែកគាំទ្រការអប់រំឌីជីថលនៅកម្ពុជា។
រូបភាព

សម្រាប់លក្ខខណ្ឌនៃការចូលរួម សិស្សស្រីដែលមានអាយុចន្លោះពី ១០ ទៅ ១៨ឆ្នាំ អាចបង្កើតជាក្រុមដែលមានសមាជិកពី ២ ទៅ ៥ នាក់។ ពួកគេត្រូវជានិស្សិតដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការស្រាវជ្រាវ រួមទាំងមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន មាតាបិតា ឬអ្នកអាណាព្យាបាល។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចសិក្សាស្វ័យសិក្សាអំពីកម្មវិធីអប់រំបង្កើតហ្គេម (វីដេអូមេរៀន) បានដោយងាយស្រួល។ សម្រាប់ភាសាខ្មែរ អាចចូលទៅកាន់សាលាឌីជីថលរបស់ក្រសួងអប់រំ តាមរយៈតំណ៖ `https://link.moeys.gov.kh/gcclearningkh`។ ចំណែកភាសាអង់គ្លេស អាចសិក្សាបាននៅលើគេហទំព័រ Agora របស់អង្គការយូនីសេហ្វ តាមរយៈតំណ៖ `https://link.moeys.gov.kh/gcconlinecourse`។
រូបភាព

ក្រសួងអប់រំ សូមជំរុញឱ្យសិស្សានុសិស្សដែលមានឆន្ទៈចង់ចូលរួមប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” នេះ រួសរាន់ដាក់ពាក្យស្នើសុំតាមរយៈតំណ៖ `https://link.moeys.gov.kh/GameJam25` ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០ ល្ងាច។ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ!

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles