ខេត្តស្វាយរៀង៖ ប្រតិបត្តិការដ៏កក្រើកមួយរបស់កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តអន្តរជាតិបាវិត កណ្តាលក្រុងបាវិត នាវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យទាំងប្រុសស្រីជាង ៣០០នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាថ្នាំញៀនមួយចំនួនផងដែរ។


ប្រតិបត្តិការដ៏ធំមួយនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលផ្ទាល់ពី ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលបន្ទុកដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនផងដែរ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១:៣០ នាទីរំលងអាធ្រាត្រ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះឆ្មក់ចូលក្លឹបកម្សាន្តអន្តរជាតិបាវិត ដែលស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែងសម្រួល និងប្រើប្រាស់សារធាតុញៀន។


ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ដែលមានទាំងជនជាតិខ្មែរ ចិន និងវៀតណាម។ ជាមួយគ្នានោះ ក៏បានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ, ទូរស័ព្ទដៃ និងរថយន្តជាច្រើនគ្រឿងផងដែរ។


បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

