ភ្នំពេញ៖ ទីតាំង KTV មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង ៧៖២០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ភ្លាមៗនោះ ក៏មានការហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ផងដែរ។ 
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានណែនាំដល់កម្លាំងជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
តាមការទទួលបានបទបញ្ជាផ្ទាល់ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីទប់ស្កាត់កុំឲ្យអគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះដែលនៅក្បែរនោះ។ 
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៤គ្រឿង ក្នុងនោះរថយន្តរបស់ការិយាល័យរាជធានីភ្នំពេញចំនួន ០៤គ្រឿង បានប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ចំណែកឯរថយន្តជំនួយពីកាណាឌីយ៉ាចំនួន ០១គ្រឿង មិនបានប្រើប្រាស់ទឹកនោះទេ។ 
ដោយឡែក ចំពោះទីតាំងកើតហេតុនេះ គឺជាប្រភេទផ្ទះល្វែងដែលមានទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ ហើយបន្ទប់ដែលឆេះនោះមានទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ រួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។ ករណីអគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៧៖៤៥នាទីយប់ នៅថ្ងៃខែឆ្នាំដដែល ដោយមិនបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
