ប្រតិបត្តិការក្ដៅគគុក! នគរបាលស្ទឹងត្រែង បង្ក្រាបករណីប្លន់ និងបន្តបំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសបានជិត ២០០ក្រាម!

ប្រតិបត្តិការក្ដៅគគុក! នគរបាលស្ទឹងត្រែង បង្ក្រាបករណីប្លន់ និងបន្តបំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសបានជិត ២០០ក្រាម!

ខេត្តស្ទឹងត្រែង៖ ប្រតិបត្តិការដ៏ក្ដៅគគុកមួយ បានធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។ កាលពីវេលាម៉ោងប្រហែល០១និង៤២នាទី រំលងអធ្រាត្រ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីប្លន់មួយបានកើតឡើងនៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

ភ្លាមៗក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលក្រុងស្ទឹងត្រែង ចុះស្រាវជ្រាវ និងបង្ក្រាប។ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលមានអាយុចន្លោះពី ១៤ ទៅ ១៦ឆ្នាំ រួមមាន៖ ឈ្មោះ សំ កុសល, ហាក់ សុធារិទ្ធ, គង្គា វិច្ឆិកា, មិន ចរណៃ និង នាង សុខសិរី។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានរឹបអូសម៉ូតូហុងដាឌ្រីមចំនួន ៣គ្រឿង ដែលសង្ស័យជាវត្ថុតាងផងដែរ។

តាមរយៈការស្រាវជ្រាវស៊ើបអង្កេតស៊ីជម្រៅ ករណីប្លន់នេះបានឈានទៅដល់ការបំបែកសំណុំរឿងធំមួយទៀត គឺករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបន្តនេះ បានធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ស្រ៊ុន គឹមស្រៀង ភេទប្រុស អាយុ៥៥ឆ្នាំ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់បន្ថែមទៀត រួមមាន៖ ស្រ៊ុន គឹមស្រៀង, មិន ខាំបឺត, ធៀង សែនតូសា, ភារុណ សុខជា, ពុធ សារ៉ាវុធ, អាន ប៊ុនហ៊ាង, ជុំ សេង និង រឿន សុជាតិ ដែលមានអាយុចន្លោះពី ១៧ ដល់ ៥៥ឆ្នាំ។ វត្ថុតាងគ្រឿងញៀនដែលត្រូវបានរឹបអូសបានក្នុងប្រតិបត្តិការបន្តនេះ រួមមាន មេតំហ្វេតាមីន (ICE) ចំនួន ១៥៦.៧២ក្រាម និងមេតំហ្វេតាមីនគ្រាប់ ចំនួន ១៣៧គ្រាប់ ស្មើនឹង ១២.៧៥ក្រាម។ សរុបគ្រឿងញៀនដែលចាប់បានមានទម្ងន់សរុប ១៦៩.៤៥ក្រាម។

បន្ថែមពីនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារជាច្រើនទៀត រួមមាន ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១១គ្រឿង, លោហធាតុប្រភេទចិញ្ចៀន ខ្សែដៃ ខ្សែកមួយចំនួន, កូនកាំបិត ០២ដើម, ដាវ ០១ដើម, ស្នា ០១ដើម, កាបូបកាត ០២, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ រួមទាំងវត្ថុតាង និងសម្ភារទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បន្តកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីចាត់ការតាមច្បាប់។

administrator

Related Articles