ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាដាក់ចេញវិធានការរឹតបន្តឹងលើវិដេអូហ្គេមល្បីៗដូចជា PUBG បន្ទាប់ពីមានករណីផ្ទុះមួយនៅសាលារៀនក្នុងទីក្រុងហ្សាកាតា បណ្ដាលឱ្យមនុស្សជិត ១០០ នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទ។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានស្នើឱ្យគណៈរដ្ឋមន្ត្រីរបស់លោកសិក្សាលទ្ធភាពនៃការរឹតបន្តឹងនេះ។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋលេខាធិការ Prasetyo Hadi កាលពីថ្ងៃអាទិត្យ ក្រោយទទួលបានព័ត៌មានថ្មីៗពីការស៊ើបអង្កេតរបស់ប៉ូលិសជុំវិញករណីផ្ទុះសាលា។

សម្រាប់ហ្គេម PUBG: Battlegrounds ដែលបង្កើតឡើងដោយក្រុមហ៊ុន Krafton របស់កូរ៉េខាងត្បូង គឺជាហ្គេមបាញ់ប្រហារតាមអនឡាញបែបសមរភូមិ ដែលតម្រូវឱ្យអ្នកលេងកម្ចាត់គូប្រជែងដើម្បីទទួលបានជ័យជម្នះ។ ហ្គេមល្បីៗផ្សេងទៀតដែលស្រដៀងគ្នាមានដូចជា Fortnite និង Free Fire ជាដើម។ លោក Prasetyo បានលើកឡើងថា៖ «យើងកំពុងពិចារណារឹតបន្តឹងព្រោះហ្គេមទាំងនេះមានអាវុធជាច្រើនប្រភេទ ហើយងាយស្រួលរៀនប្រើប្រាស់។ ជាផ្នែកចិត្តសាស្ត្រ វាធ្វើឱ្យអំពើហិង្សាក្លាយជារឿងធម្មតាទៅវិញ»។ ទោះយ៉ាងណាក៏ដោយ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីទម្រង់នៃការរឹតបន្តឹង ឬកាលបរិច្ឆេទជាក់លាក់នោះទេ។
គួររំលឹកថា ករណីផ្ទុះនៅវិហារសាលារៀនឥស្លាមមួយកន្លែងនៅភាគខាងជើងទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រកន្លងទៅ បានបណ្ដាលឱ្យមនុស្សជិត ១០០ នាក់រងរបួស ខណៈកំពុងធ្វើការអធិស្ឋាន។ អាជ្ញាធរកំពុងស៊ើបអង្កេតសិស្សអាយុ ១៧ ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការផ្ទុះនេះ។
កម្លាំងប៉ូលិសឥណ្ឌូណេស៊ីបានរកឃើញគ្រាប់រំសេវ និងឯកសារមួយចំនួននៅផ្ទះរបស់ជនសង្ស័យ ហើយកំពុងស្រាវជ្រាវរកចំណុចជាប់ទាក់ទងនឹងការផ្ទុះ។ ប៉ូលិសបានច្រានចោលករណីភេរវកម្ម ដោយលើកឡើងថាសិស្សដែលជាជនសង្ស័យធ្លាប់ត្រូវបានគេធ្វើបាបនៅសាលា ហើយទំនងជាបាន «រៀបចំផែនការវាយប្រហារអត្តឃាត» ដើម្បីសងសឹក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការបកស្រាយលម្អិតណាមួយពីទំនាក់ទំនងរវាងការផ្ទុះនេះទៅនឹងវិដេអូហ្គេមបាញ់ប្រហារតាមអនឡាញនៅឡើយទេ។
