ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ (CAPPD) បានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាអនឡាញដ៏សំខាន់មួយ ស្តីពី «ផលប៉ះពាល់នៃបណ្តាញសង្គមលើកុមារ និងយុវជន»។ សិក្ខាសាលានេះ រៀបចំឡើងដោយវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយតភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយការចូលរួមពីវាគ្មិន និងអ្នកចូលរួមប្រមាណជាង ៤០រូប។
ក្នុងចំណោមប្រតិភូ CAPPD មានវត្តមានឯកឧត្តម សេង ញ៉ក់, ឯកឧត្តម ឃឹង នុភាព, ឯកឧត្តម ញឿន រ៉ាដែន សុទ្ធតែជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា រួមជាមួយឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ព្រមទាំងជំនួយការលេខាធិការដ្ឋានសមាគម CAPPD ផងដែរ។ 
គោលបំណងស្នូលនៃសិក្ខាសាលានេះ គឺដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមលើកុមារ និងយុវជន តាមរយៈការដាក់ចេញបទប្បញ្ញត្តិ ការអប់រំ និងកិច្ចសហប្រតិបត្តិការពហុភាគី។
បណ្តាញសង្គមដូចជា Instagram, TikTok, Facebook, YouTube និងបច្ចុប្បន្នមានវត្តមានបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំងដ៏មានឥទ្ធិពលបំផុត ដែលផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។

សិក្ខាសាលាក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សមាជិកសភា ក្នុងការកសាងបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងផ្តល់ភាពអង់អាចដល់យុវជនជំនាន់ក្រោយ។
នេះជាឱកាសសម្រាប់សមាជិកសភាពិភាក្សាអំពីនិន្នាការថ្មីៗនៃការប្រឈមមុខនឹងការប្រើប្រាស់បណ្តាញសង្គមរបស់យុវជន និងកុមារ ក៏ដូចជាបញ្ហាប្រឈមសំខាន់ៗដែលពួកគេកំពុងជួបប្រទះក្នុងពិភពឌីជីថល ជាពិសេសគឺសុខភាពផ្លូវចិត្ត និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងនោះ មានបទបង្ហាញអំពីក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងករណីសិក្សាជាក់ស្តែង ដូចជាការអនុម័តច្បាប់ស្តីពីការហាមឃាត់ និងកំណត់អាយុលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារនៅប្រទេសអូស្ត្រាលី និងឥទ្ធិពលនៃបណ្តាញសង្គមក្នុងការតវ៉ារបស់យុវជន GenZ នៅប្រទេសនេប៉ាល់ជាដើម។ 
ដោយ ៖ សិលា
