ពិភពលោកកំពុងភ្ញាក់ផ្អើល! អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ (SDN) បានទម្លាយការចោទប្រកាន់ដ៏ធ្ងន់ធ្ងរទៅលើកងកម្លាំងគាំទ្ររហ័ស (RSF) ថា បានប៉ុនប៉ងដុតបំផ្លាញ និងកប់សាកសពជាច្រើន ដើម្បីបិទបាំងទង្វើប្រល័យពូជសាសន៍របស់ខ្លួននៅស៊ូដង់។
តាមសេចក្តីរាយការណ៍របស់ Al Jazeera អង្គការ SDN បានចោទប្រកាន់ RSF ត្រង់ៗថា ក្រោយពេលដណ្តើមបានទីក្រុង Darfur កាលពីថ្ងៃទី២៦ ខែតុលា ពួកគេបានសម្លាប់ជនស៊ីវិលយ៉ាងព្រៃផ្សៃ ហើយព្យាយាមលុបបំបាត់ភស្តុតាងដោយការដុត និងកប់សាកសពជាច្រើនក្នុងរណ្តៅធំៗ ដែលបន្សល់ទុកពាសពេញផ្លូវ។

ស្ថានភាពមនុស្សធម៌នៅស៊ូដង់ គឺជារឿងហួសចិត្តដែលពិបាកនឹងពណ៌នា។ អង្គការជាច្រើនបានចេញរបាយការណ៍លម្អិតអំពីការបាញ់សម្លាប់ជនស៊ីវិលដោយគ្មានការរើសអើង ការធ្វើទារុណកម្មដ៏ឃោរឃៅ និងអំពើចាប់រំលោភលើស្ត្រីយ៉ាងសាហាវ។ សូម្បីតែមន្ត្រីអង្គការគ្រូពេទ្យគ្មានព្រំដែន ក៏បានអះអាងថា ជនស៊ីវិលដែលរត់គេចពី Darfur ត្រូវបាន RSF តាមប្រមាញ់ដោយសារតែពណ៌សម្បុររបស់ពួកគេ។ អ្នកដែលមានសម្បុរមិនសូវខ្មៅ អាចរួចជីវិត ប៉ុន្តែអ្នកមានសម្បុរខ្មៅ នឹងក្លាយជាគោលដៅនៃការសម្លាប់ភ្លាមៗ។
សូមរំលឹកផងដែរ សង្គ្រាមស៊ីវិលនៅស៊ូដង់ គឺជាជម្លោះរវាង RSF និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ដែលបានវិវត្តន៍ទៅជាអំពើប្រល័យពូជសាសន៍។ កងកម្លាំង RSF កំពុងតាមប្រមាញ់យ៉ាងសកម្មទៅលើជនជាតិភាគតិចមួយចំនួនដូចជា Fur, Masalit និង Zaghawa ជាដើម។
អង្គការសហប្រជាជាតិ បានប៉ាន់ស្មានថា សង្គ្រាមដ៏ហិង្សានេះ បានឆក់យកជីវិតមនុស្សជាង ១៥០ ០០០នាក់ និងបង្ខំឱ្យប្រជាជន ១៤លាននាក់ត្រូវផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់រង្គាល ក៏មានរបាយការណ៍ពីអំពើចាប់រំលោភ ការធ្វើទារុណកម្មគ្រប់ទម្រង់ និងអំពើឃោរឃៅជាច្រើនទៀត ដែលប្រព្រឹត្តដោយ RSF៕
អត្ថបទ៖ សុខ សុវណ្ណ
