សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន! ទំហំពាណិជ្ជកម្ម​សម្រេច​បាន​ជាង ៥២.៥ ពាន់លានដុល្លារ ត្រឹម ១០ ខែ!

សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន! ទំហំពាណិជ្ជកម្ម​សម្រេច​បាន​ជាង ៥២.៥ ពាន់លានដុល្លារ ត្រឹម ១០ ខែ!

ភ្នំពេញ៖ តាមទិន្នន័យចុងក្រោយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូអន្តរជាតិបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានទឹកប្រាក់ជាង ៥២,៥៧ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ នេះ។ តួលេខនេះតំណាងឱ្យការកើនឡើង ១៦,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលមានទំហំត្រឹម ៤៥ ពាន់លានដុល្លារ។

ក្នុងចំណោមទំហំពាណិជ្ជកម្មសរុបនេះ ការនាំចេញរបស់កម្ពុជាមានតម្លៃ ២៤,៩៤ ពាន់លានដុល្លារ កើនឡើង ១៥,២ ភាគរយ ខណៈដែលការនាំចូលមានតម្លៃ ២៧,៦៣ ពាន់លានដុល្លារ កើនឡើង ១៧,៧ ភាគរយ។ ទិន្នន័យនេះក៏បានបង្ហាញពីឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាប្រមាណ ២,៦៨ ពាន់លានដុល្លារផងដែរ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ព្រមទាំងគ្រឿងសង្ហារឹមជាដើម។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមានប្រសាសន៍ថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តកើនឡើង ជាពិសេសការនាំចេញក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ កង់ សំបកកង់រថយន្ត និងគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក។ លោកបានបញ្ជាក់ទៀតថា ការវិនិយោគក៏កើនឡើង ដែលជួយជំរុញការនាំចេញ ដោយសារកម្ពុជាទទួលបានអត្រាពន្ធអនុគ្រោះ ដូចជា ០% សម្រាប់គ្រឿងបង្គុំអគ្គិសនី និងវាយនភណ្ឌនាំចេញទៅចក្រភពអង់គ្លេស។ ជាងនេះទៅទៀត ការនាំចេញទៅសហរដ្ឋអាមេរិកក៏កើនឡើងខ្លាំង ដោយសារអត្រាពន្ធ ១៩% ដែលធ្វើឱ្យកម្ពុជាមានប្រៀបជាងបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូប្រកួតប្រជែងដទៃទៀត ស្មើនឹងប្រទេសឥណ្ឌូនេស៊ី ក្នុងវិស័យវាយនភណ្ឌ។

ការតភ្ជាប់ការដឹកជញ្ជូនដោយផ្ទាល់ទៅអន្តរជាតិ រួមជាមួយនឹងការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ក៏ជាកត្តារួមចំណែកដ៏សំខាន់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងវិស័យសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ទោះបីជាត្រូវជម្នះបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់ និងសាកល ដោយសារការប្រឈមមុខភូមិសាស្ត្រនយោបាយស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។

តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចកំណើនក្នុងរង្វង់ ៥,២% នៅឆ្នាំ ២០២៥ និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ត្រូវរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារ។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ នឹងត្រូវបានគាំទ្រដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ខណៈអត្រាអតិផរណាត្រូវបានព្យាករថា ស្ថិតក្នុងរង្វង់ ២,៨%៕

administrator

Related Articles