សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានសមាគមជប៉ុន-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញវិនិយោគ

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានសមាគមជប៉ុន-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញវិនិយោគ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន៦មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក ជា ធីរិទ្ធិ បានឱ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានជួបជាមួយនឹងប្រតិភូសមាគមជប៉ុន-កម្ពុជាសារជាតិថ្មីនេះ។ សម្តេចក៏បានកោតសរសើរ និងពេញចិត្តចំពោះសកម្មភាពដ៏សកម្មរបស់សមាគម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ក៏ដូចជាទំនាក់ទំនងរវាងប្រជាជនទាំងពីរ និងជាពិសេស គឺការទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកបណ្ដាក់ទុននៅកម្ពុជា ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូទាំងអស់ បានចូលជួបសម្តែងការគួរសមសារជាថ្មីម្តងទៀត ក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជានាពេលនេះ។

លោកប្រធានសមាគមបានគូសបញ្ជាក់ថា កម្ពុជាពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគជប៉ុន ក្នុងការមកបណ្ដាក់ទុនលើវិស័យចម្រុះ។ ជាក់ស្តែង ក្នុងបេសកកម្មនេះ មានក្រុមហ៊ុនជប៉ុនប្រមាណ ៣៦ក្រុមហ៊ុន ដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម។

លោក TAKAHASHI Fumiaki បានបន្ថែមថា ការគាំទ្រដ៏ជាប់លាប់របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក ជាពិសេសតាំងពីសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី រហូតមកដល់បច្ចុប្បន្នដែលសម្តេចជាប្រធានព្រឹទ្ធសភា ក៏នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន និងសមាគមជប៉ុន-កម្ពុជា។ លោកបានចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ និងជាទំនុកចិត្តដ៏រឹងមាំសម្រាប់អ្នកវិនិយោគជប៉ុន ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

ឆ្លើយតបទៅនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំជំរុញទំនាក់ទំនងទ្វេភាគី ពិសេសគឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀតជូនប្រជាជនកម្ពុជា ជាពិសេសយុវជន។ សម្តេចបានសង្កត់ធ្ងន់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ទាំងកម្ពុជា និងជប៉ុន ហើយជាចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានសម្តែងការពេញចិត្តចំពោះចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា។ សម្តេចបានបញ្ជាក់ថា ផ្នែកកសិ-ឧស្សាហកម្មគឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែចាត់ទុកការកែច្នៃផលិតផលកសិកម្មជាកិច្ចការចាំបាច់ និងអាទិភាពខ្ពស់។

ចំណែកឯវិស័យបច្ចេកវិទ្យាវិញ រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ ហើយកម្ពុជាកំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ។ សម្តេចបានជំរុញឱ្យអ្នកវិនិយោគជប៉ុន បន្តចាប់អារម្មណ៍ និងពង្រីកសក្តានុពលលើវិស័យទាំងអស់នេះ ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ជាចុងបញ្ចប់ សម្តេចតេជោ បានជូនពរប្រតិភូទាំងអស់ឱ្យបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ ៖ សិលា

administrator

Related Articles