ចាប់បានចោរចិនគាស់ផ្ទះវេជ្ជបណ្ឌិតប្លន់អស់ជាង ១១ម៉ឺនដុល្លារ ក្រោយគេចខ្លួនបានតែ២ថ្ងៃ!

ចាប់បានចោរចិនគាស់ផ្ទះវេជ្ជបណ្ឌិតប្លន់អស់ជាង ១១ម៉ឺនដុល្លារ ក្រោយគេចខ្លួនបានតែ២ថ្ងៃ!

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ភ្លាមៗ ក្រោយ​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​ម្នាក់ និង​បំបែក​ទូដែក​លួច​យក​ប្រាក់ និង​គ្រឿងអលង្ការ សរុប​ជា​ទឹកប្រាក់​រហូត​ដល់ ១១២ ៤៥០​ដុល្លារ​អា​មេ​រិ​ក ដោយ​គេចខ្លួន​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​។

ជនសង្ស័យ​មានឈ្មោះ ចាង ទៀន វៃ​(Zhang Dian Wei) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​ EP2843056 មុខរបរ​លក់​បាយ ស្នាក់​នៅផ្ទះ​លេខ​៣៣ ផ្លូវ​១១៣K ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឥន សម្ភាវិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​វេជ្ជបណ្ឌិត មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៥ បុរី​ជីប​ម៉ុង​លែ​ន ​ពោធិ៍​ចិន​តុង ផ្លូវ​១១៣K ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គី​រី និង​បាន​សម្រាក​នៅ​ទីនោះ​មួយ​យប់​។ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥​ខែវិច្ឆិកា ឆ្នាំ​២០២៥ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​បើកចំហរ​។ ក្រោយ​ពី​ពិនិត្យ ពួក​គាត់​ក៏​ដឹង​ថា ផ្ទះ​របស់​ខ្លួន​ត្រូវ​ចោរ​រើរុះ និង​ទូដែក​ដែល​ទុក​គ្រឿងអលង្ការ​ផ្សេង​ៗ ត្រូវ​បាន​គាស់​បំបែក​យក​លុយ និង​សម្ភារៈ​ក្នុង​ទូដែក​ទាំងអស់​។

លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី បាន​បន្ត​ថា ជនសង្ស័យ​បាន​លួច​យក​ប្រាក់​ដុល្លារ​ប្រហែល ៤៥ ០០០​ដុល្លារ ចិញ្ចៀន​ពេជ្រ​៣​វង់​តម្លៃ​១១ ៥០០​ដុល្លារ ខ្សែដៃ​ពេជ្រ​២​ខ្សែ​តម្លៃ ១១ ០០០​ដុល្លារ ខ្សែដៃ​មាស​២​ខ្សែ​(​ទម្ងន់​១​តម្លឹង​) តម្លៃ ៥ ៥០០​ដុល្លារ ខ្សែ​ក​មាស​៤​ខ្សែ (​ទម្ងន់​១​តម្លឹង​កន្លះ​)​តម្លៃ ៨ ២៥០​ដុល្លារ ខ្សែ​ក​ផ្លា​ទី​ន​២​ខ្សែ​(​ទម្ងន់​៤​តម្លឹង​) តម្លៃ ១៦ ០០០​ដុល្លារ ចិញ្ចៀនមាស​១​វង់​(​ទម្ងន់​៥ជី​) តម្លៃ ២ ៣០០​ដុល្លារ ចិញ្ចៀន​ផ្លា​ទី​ន​៣​វង់​(​ទម្ងន់​៨​ជី​) តម្លៃ ២ ៥០០​ដុល្លារ ចិញ្ចៀន​ត្បូង​ទន្ទឹម​១​វង់ តម្លៃ ៦០០​ដុល្លារ កងដៃ​មាស​១​វង់ តម្លៃ ២ ៣០០​ដុល្លារ ក្រវិល​ពេជ្រ​១​គូ តម្លៃ ៥ ៥០០​ដុល្លារ និង​កងដៃ​ផ្លា​ទី​ន​២​វង់ តម្លៃ ២ ០០០​ដុល្លារ​។ សរុប​ទាំងអស់​គឺ​ចំនួន ១១២ ៤៥០​ដុល្លារ​។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២​។ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ០៩​និង​៣០​នាទី កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉​ន វុ​ធី អធិការ បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​លោកនាយ​ប៉ុស្តិ៍ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ ដែល​ស្នាក់​នៅ​ជាប់​ផ្ទះ​គ្នា​តែម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទ្វារ​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​ចូល​លួច​សម្ភារៈ និង​គ្រឿងអលង្ការ​ពិតប្រាកដ​មែន​។ ក្នុង​នោះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ពី​ទីតាំង​ដែល​យក​សម្ភារៈ​ដែល​លួច​បាន​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជនសង្ស័យ​ប្រើប្រាស់​ធ្វើ​សកម្មភាព និង​បាន​យក​ទៅ​ចោល​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ហើយ​។

administrator

Related Articles