រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់បានជាស្ថាពរ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:២១នាទី នៅផ្ទះលេខ៣៥ ជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ Zhang Dian Wei (ចាង ទៀនវៃ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៣៣ ជីបម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន៖ ប្រាក់ដុល្លារចំនួន ១៧,៨៧០ដុល្លារ, ប្រាក់រៀលចំនួន ១០,៨០០,០០០រៀល, ប្រាក់បាតចំនួន ៨៧,៨៤០បាត, រួមជាមួយគ្រឿងអលង្ការមាសជាច្រើនមុខដូចជា ចិញ្ចៀន ១២វង់, កងដៃ ៣កង, ខ្សែក ១០ខ្សែ, ក្រវិល ៣គូ, ខ្សែដៃ ៧ខ្សែ និងបន្តោងខ្សែករូបព្រះ ០១។ ក្រៅពីនេះ វត្ថុតាងផ្សេងទៀតដែលចាប់យកបានរួមមាន ខោជើងវែងខ្មៅ ០១, អាវដៃវែងខ្មៅ ០១, ស្បែកជើង ៣គូ, ដែកទួណឺវីស ០១, ម៉ូទ័រស្វានដែក ០១, ថង់ផ្លាស្ទិកសម្រាប់ច្រកសម្ភារលួចបាន ០៥ និងកង់អាគុយ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ Zhang Dian Wei ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
