គ្រិស្តសាសនិកនីហ្សេរីយ៉ា អង្វរលោក ត្រាំ បញ្ជូនទ័ពជួយសង្គ្រោះជាបន្ទាន់!

គ្រិស្តសាសនិកនីហ្សេរីយ៉ា អង្វរលោក ត្រាំ បញ្ជូនទ័ពជួយសង្គ្រោះជាបន្ទាន់!

រស់នៅក្រោមភាពភ័យខ្លាចជាប្រចាំ គ្រិស្តសាសនិកក្នុងប្រទេសនីហ្សេរីយ៉ា បានអំពាវនាវយ៉ាងទទូចដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យចាត់វិធានការយោធាជាបន្ទាន់ ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេដែលកំពុងរងការគំរាមកំហែងពីក្រុមភេរវករ។ នេះបើតាមការចេញផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជម្លោះសាសនានៅនីហ្សេរីយ៉ា បានឈានដល់កម្រិតដ៏អាក្រក់ ដោយការវាយប្រហារបង្ហូរឈាមលើសហគមន៍គ្រិស្តសាសនិក បានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនរកសុវត្ថិភាព ខណៈអ្នកខ្លះទៀតជ្រើសរើសលាក់ខ្លួនក្នុងភាពភ័យខ្លាច។

ក្រុមជ្រុលនិយមដូចជា Boko Haram និង Islamic State West Africa Province (ISWAP) តែងតែបង្កការវាយប្រហារលើគ្រិស្តសាសនិកនៅភាគឦសាន និងតំបន់ផ្សេងទៀតនៃប្រទេស ដោយមានបំណងបង្កើតរដ្ឋឥស្លាមជ្រុលនិយម។ ជាមួយគ្នានោះ ការចាប់ជំរិតដោយក្រុមប្រដាប់អាវុធក៏បានកើនឡើងគួរឲ្យកត់សម្គាល់នៅទូទាំងប្រទេស។

ដោយមើលឃើញស្ថានការណ៍កាន់តែអាក្រក់ទៅៗ លោក ដូណាល់ ត្រាំ បានព្រមានពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាលើប្រទេសនីហ្សេរីយ៉ា ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងអាប៊ូហ្សាថា មិនអើពើចំពោះការសម្លាប់គ្រិស្តសាសនិកដោយក្រុមភេរវករឥស្លាម។

លោក ត្រាំ បានគូសបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ាបន្តបើកដៃឲ្យមានការសម្លាប់គ្រិស្តសាសនិក នោះសហរដ្ឋអាមេរិកនឹងបញ្ឈប់ជាបន្ទាន់នូវជំនួយ និងការឧបត្ថម្ភទាំងអស់ ហើយអាចនឹងបញ្ជូនកងទ័ពចូលធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនេះផ្ទាល់តែម្តង។

ដំណឹងនៃការគំរាមលូកដៃរបស់លោក ត្រាំ បានផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងដល់គ្រិស្តសាសនិកនៅនីហ្សេរីយ៉ា។ មេដឹកនាំសហគមន៍គ្រិស្ត លោក Bamshak Daniel បានប្រាប់សារព័ត៌មាន Wall Street Journal ថា «យើងចាត់ទុកប្រធានាធិបតី ត្រាំ គឺជាព្រះទី២របស់យើង។ យើងអធិស្ឋានសុំអន្តរាគមន៍អព្ភូតហេតុ ដើម្បីសង្គ្រោះជីវិតប្រជាជនរបស់យើង។ លោកប្រធានាធិបតី ត្រាំ ត្រូវតែប្រញាប់ និងធ្វើអន្តរាគមន៍យោធា»។

យោងតាមអង្គការក្រៅរដ្ឋាភិបាល Intersociety បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២៥ គ្រិស្តសាសនិកចំនួន ១២៥,០០៩ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា។

administrator

Related Articles