បណ្ឌិត ជា មុនីឫទ្ធិ៖ «សហគមន៍ជោគវាសនារួម» ជាគន្លឹះសន្តិភាព និងវិបុលភាពសកល

បណ្ឌិត ជា មុនីឫទ្ធិ៖ «សហគមន៍ជោគវាសនារួម» ជាគន្លឹះសន្តិភាព និងវិបុលភាពសកល

ភ្នំពេញ៖ នៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានកម្ពុជា-ចិន នាពេលថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសង្កត់ធ្ងន់ថា ការកសាង «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាសន្តិភាពសកល និងវិបុលភាពពិភពលោកប្រកបដោយចីរភាព។

លោកបណ្ឌិតបានលើកឧទាហរណ៍ពីបទពិសោធន៍ផ្ទាល់របស់លោក ក្នុងការចូលរួមជាវាគ្មិនក្នុងវេទិកាអន្តរជាតិលើកទី៥ ស្តីពី «វប្បធម៌សុខដុមនីយកម្ម (Hehe Culture)» ដែលប្រព្រឹត្តទៅនៅប្រទេសចិន កាលពីចុងខែតុលា ដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៥។

តាមរយៈទស្សនទានចិន លោកបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានគំរូតែមួយសម្រាប់គ្រប់គ្នាឡើយ តែអ្វីដែលសំខាន់គឺការរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌពហុភាគីនិយម និងវប្បធម៌សុខដុមនីយកម្ម ដើម្បីសម្រេចគោលដៅរួមគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម។ Cambodia-China relations

ដោយផ្អែកលើទស្សនវិជ្ជាចិនបុរាណរបស់ទស្សនវិទូដូចជា ឡៅជឺ ខុងជឺ ស៊ុនជឺ និងម៉ឹងជឺ រួមបញ្ចូលជាមួយគោលគំនិតម៉ាក្សនិយម ប្រទេសចិនបានបង្កើនល្បឿនទំនើបកម្មសង្គមនិយម និងលើកកម្ពស់ស្ថិរភាពសង្គម ដោយផ្តោតលើសន្តិសុខស្បៀង ថាមពល អរិយធម៌អេកូឡូស៊ី និងការកសាងសហគមន៍រួមជីវិត។

ក្នុងនាមជាវាគ្មិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានពន្យល់ពីគន្លឹះនៃ «សុខដុមនីយកម្មរួមគ្នា៖ តភ្ជាប់កាន់តែស៊ីជម្រៅ លើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍសកលប្រកបដោយចីរភាព»។

សរុបមក លោកបណ្ឌិត ជា មុនីឫទ្ធិ ដែលជាបញ្ញាវន្តជាន់ខ្ពស់ និងអ្នកឯកទេសស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ វេទិកានេះ ក៏ជាភស្តុតាងនៃការតភ្ជាប់រវាងក្រុមបញ្ញាញាណ ខណៈដែលឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ក៏កំពុងជំរុញវិស័យទេសចរណ៍យ៉ាងសកម្ម។

administrator

Related Articles