ភ្នំពេញ៖ ក្នុងឱកាសដ៏មហោឡារឹកនៃការប្រារព្ធខួបលើកទី៧២ នៃទិវាឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ។ នៅក្នុងសារមួយដែលបានផ្សព្វផ្សាយដោយស្ថានទូតអាមេរិកនៅថ្ងៃនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងនាមសហរដ្ឋអាមេរិក លោកមានសេចក្តីរីករាយជាខ្លាំងក្នុងការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា។
សារដដែលបានបន្តថា ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ត្រូវបានថែរក្សាយ៉ាងជិតស្និទ្ធ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរនេះ បានរួមចំណែកនាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានអះអាងជាថ្មីថា នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដើម្បីឱ្យក្លាយជាប្រទេសមួយដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់។ លោករដ្ឋមន្ត្រី Rubio ក៏បានបិទបញ្ចប់សារអបអរសាទររបស់លោកដោយជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសដ៏សំខាន់នេះ។
