រាជធានីរីយ៉ាដ៖ កម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណងសំខាន់នៃការចុះ MOU នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមានប្រជាជនប្រមាណ ៩២លាននាក់ ជាប់ចំណាត់ថ្នាក់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក។


ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ វាគឺជាផ្នែកមួយនៃកិច្ចប្រជុំមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ លើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅនៅរាជធានីរីយ៉ាដ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Seyed Reza Salehi Amiri រដ្ឋមន្ត្រីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃសាធារណរដ្ឋអ៊ីរ៉ង់ បានរួមគ្នាចុះហត្ថលេខាលើ MOU នេះ។ អ៊ីរ៉ង់ គឺជាប្រទេសដ៏ធំមួយដែលមានសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងនិងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។



តាមរយៈ MOU នេះ កម្ពុជានឹងមានឱកាសពង្រីកទីផ្សារទេសចរណ៍ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ថែមពីលើការពង្រីកទេសចរណ៍មូស្លីម (Muslim Friendly) និងការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម ក៏ដូចជាទេសចរណ៍បែបបេតិកភណ្ឌ។ គោលដៅគឺទាក់ទាញភ្ញៀវទេសចរអ៊ីរ៉ង់ឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនជាង ៥ដង។ មិនតែប៉ុណ្ណោះ វានឹងបើកទ្វារសម្រាប់កាលានុវត្តភាពវិនិយោគជាច្រើន ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុន Etihad រវាងទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអារ៉ាប់រួម ដែលបានចាប់ផ្ដើមដំណើរការតាំងពីដើមខែតុលាកន្លងទៅនេះ។




