កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្តអន្តរជាតិបាវិត ស្ថិតនៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានគេដឹងថាបានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ៣០០នាក់។

សូមបញ្ជាក់ថា ប្រតិបត្តិការដ៏កក្រើកនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ គោលដៅសំខាន់គឺក្លិបកម្សាន្តអន្តរជាតិបាវិត ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួនជាង ៣០០នាក់ រួមមានទាំងជនជាតិចិន វៀតណាម និងខ្មែរ។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានធ្វើការរឹបអូសបាននូវវត្ថុតាងជាថ្នាំញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាងពាក់ព័ន្ធ កំពុងត្រូវបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីចាត់វិធានការបន្ត។
