លោកពូទីន ត្រៀមបំពេញទស្សនកិច្ចនៅឥណ្ឌា ស្របពេលភាពតានតឹងនុយក្លេអ៊ែរជាមួយអាមេរិកកំពុងឡើងកម្ដៅ!

លោកពូទីន ត្រៀមបំពេញទស្សនកិច្ចនៅឥណ្ឌា ស្របពេលភាពតានតឹងនុយក្លេអ៊ែរជាមួយអាមេរិកកំពុងឡើងកម្ដៅ!

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌានៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងឈានដល់ភាពតានតឹងខ្លាំងជុំវិញបញ្ហានុយក្លេអ៊ែរ។

President Putin

តាមការបញ្ជាក់ពីលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា លោកប្រធានាធិបតីពូទីន នឹងទៅដល់ទីក្រុងញូវដែលី នៅខែធ្នូនេះ ដើម្បីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី លើរបៀបវារៈសំខាន់ៗជាច្រើន ជាពិសេសគឺបញ្ហាពាណិជ្ជកម្ម។

លោក Peskov បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែលជាមហាអំណាចនុយក្លេអ៊ែរមួយនេះ នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យជ្រាលជ្រៅ។

ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចរបស់លោកពូទីន កើតឡើងចំពេលដែលទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក កំពុងឡើងកម្តៅជុំវិញបញ្ហាការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។

កាលពីចុងខែតុលា អតីតប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង ៣០ឆ្នាំ (តាំងពីឆ្នាំ១៩៩២) ដែលនេះជាការផ្លាស់ប្តូរយ៉ាងធំធេងក្នុងគោលនយោបាយនុយក្លេអ៊ែររបស់អាមេរិក។

មិនយូរប៉ុន្មានក្រោយការប្រកាសរបស់លោក ត្រាំ ភាគីរុស្ស៊ីក៏បានចេញមុខព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបំពានគោលការណ៍អាវុធនុយក្លេអ៊ែរ។

យោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) រុស្ស៊ីនៅតែជាប្រទេសឈរនៅលំដាប់ទី១ លើពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុត (៥ ៤៥៩គ្រាប់) ខណៈអាមេរិកឈរនៅលំដាប់ទី២ (៥ ១៧៧គ្រាប់)។ ចំណែកឯចិនវិញ ត្រូវបានព្យាករណ៍ថានឹងមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ១ ៥០០គ្រាប់ ត្រឹមឆ្នាំ២០៣៥។

administrator

Related Articles