ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបពិភាក្សាការងារជាមួយលោក Rory Mungoven ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (OHCHR) នៅទីក្រុងហ្សឺណែវ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចជំនួបដ៏សំខាន់នេះ ផ្តោតជាចម្បងលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នាពេលអនាគត។

ក្នុងកិច្ចស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ប្រចាំកម្ពុជាកន្លងមក ឯកឧត្តម កែវ រ៉េមី បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការជំរុញការដោះលែងកងទ័ពកម្ពុជា ១៨រូប ដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃ និងការជំរុញឱ្យហាមឃាត់ការប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិក្នុងជម្លោះរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការខកចិត្តចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគំរូផ្នែកសិទ្ធិមនុស្ស ប៉ុន្តែបានលក់យន្តហោះចម្បាំងឱ្យថៃ ក្នុងអំឡុងពេលមានជម្លោះជាមួយកម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីតួនាទីស្នូលនៃសិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងស្នើឱ្យលោក Rory Mungoven ធានាថា រាល់របាយការណ៍សិទ្ធិមនុស្សអំពីកម្ពុជា ត្រូវតែឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង។
ជាការឆ្លើយតប លោក Rory Mungoven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សា។ លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ស.ម.ក. ក្នុងការបង្ហាញពីសារៈសំខាន់នៃសិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

លោក Rory Mungoven ក៏បានថ្លែងអំណរគុណចំពោះញត្តិសំខាន់ៗរបស់ គ.ស.ម.ក. ដែលបានដាក់ជូនឧត្តមស្នងការសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថា ឧត្តមស្នងការបានយកចិត្តទុកដាក់ខ្ពស់ចំពោះញត្តិទាំងនោះ និងកំពុងតាមដានការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដើម្បីឈានដល់ដំណោះស្រាយសន្តិភាព។ ចំពោះសំណើទាំងពីររបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លោកនឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូនឧត្តមស្នងការសិទ្ធិមនុស្ស។ ក្នុងពេលជាមួយគ្នា លោកក៏បានសាកសួរពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តជំរុញការអនុវត្តប្រព័ន្ធគាំពារសង្គម និងកិច្ចការអាទិភាពជាច្រើនទៀត។
សរុបមក កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីយោគយល់គ្នាទៅវិញទៅមក ដោយសម្រេចបានលទ្ធផលជាទីគាប់ចិត្ត៕
