ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានបង្ហាញទម្រង់លេងយ៉ាងកញ្ជ្រោល ដោយស៊ុតបាល់បញ្ចូលទីបានរហូតដល់ទៅ ៣ គ្រាប់ (hat-trick) ជួយក្រុម Barcelona យកឈ្នះ Celta Vigo ៤-២ យ៉ាងកក់ក្ដៅ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជ័យជម្នះនេះ បានធ្វើឱ្យក្រុមអ្នកមានបុណ្យ Barcelona កាន់តែខិតទៅជិត Real Madrid ដែលជាក្រុមកំពូលតារាងត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ។

គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «បន្ទាប់ពីរបួសរបស់គេ ខ្ញុំបានឃើញ Lewandowski ជាកីឡាករម្នាក់ផ្សេង ដែលមានភាពវិជ្ជមានខ្លាំងជាងមុន។ គេបានត្រលប់មកវិញលឿនជាងការគ្រោងទុក។ វាពិតជាល្អណាស់ដែលគេអាចស៊ុតបញ្ចូលទីបាន ៣ គ្រាប់ដើម្បីបង្កើនទំនុកចិត្តរបស់ខ្លួន។ កាលពីរដូវកាលមុន គេពិតជាសំខាន់ណាស់សម្រាប់ពួកយើង»។

ជាមួយគ្នានេះ កីឡាករវ័យក្មេង Lamine Yamal ក៏បានចូលរួមចំណែករកបានមួយគ្រាប់ផងដែរ ក្នុងការប្រកួតដ៏សំខាន់នេះ។ បន្ទាប់ពី Real Madrid បានត្រឹមស្មើជាមួយ Rayo Vallecano នៅព្រឹកថ្ងៃដដែលនោះ Barcelona បានឆ្លៀតឱកាសកាត់បន្ថយគម្លាតពិន្ទុ ដោយឡើងឈរលេខ ២ មាន ២៨ ពិន្ទុ និងបានទម្លាក់ក្រុមលេខ ៣ Villarreal ចំនួន ២ ពិន្ទុវិញ។

